ខេត្តកណ្តាល ៖ ពិតជាសាហាវមែន មានករណីប៉ុនប៉ងឃាតកម្ម ជនសង្ស័យ២នាក់ ជិះម៉ូតូឌុបគ្នា ប្រដាប់ដោយកាំបិតបុ័ងតោ មកកាប់ប្រហារទៅលើជនរងគ្រោះដែលកំពុងអង្គុយផឹក មិនទាន់អស់១កំប៉ុងផង ស្ទើរដាច់ដៃជ្រុះដល់ដី របួសធ្ងន់ស្រាល២នាក់ រួចប្រញាប់ជិះគេចខ្លួនបាត់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៥ និង១០នាទីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២៤ ចំណុចភូមិទេពអជូន ឃុំ កោះខែល ស្រុកស្អាង ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង០២នាក់រួមមាន ៖
១.ឈ្មោះ អ៊ូច វណ្ណឌឿន ភេទ ប្រុស អាយុ ៣២ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិទេពអជូន ឃុំកោះខែល ស្រុក ស្អាង ខេត្តកណ្តាល (របួសរយះកំផួនដៃ និង ស្នាមមុតក្បាលផ្នែកខាងក្រោយធ្ងន់)
២.ឈ្មោះ អ៊ូច វណ្ណដែត ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិទេពអជូន ឃុំកោះខែល ស្រុក ស្អាង ខេត្តកណ្តាល (របួសស្រាល)
ចំណែកជនសង្ស័យមានគ្នា០២នាក់៖
១.ឈ្មោះ ហេង យូហ៊ីម ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ កោះខែល ឃុំ កោះខែល ស្រុកស្អាង ខេត្តកណ្ដាល(កាន់បុងតោ) ។(គេចខ្លួន)
២.ឈ្មោះ ហេង យូហៀង ភេទ ប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិទេពអជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល (កាន់កាំបិតផ្គាក់) (គេចខ្លួន បន្សល់ទុក ស្រោមកាំបិតតាំងចំនួន០១។
សូមបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់និងឈ្មោះ ផល ផស់ អាយុ៤៧ឆ្នាំបានបបួលគ្នាមកផឹកស្រាបៀនៅផ្ទះរបស់ឈ្មោះ ប៊ុនឆៃ អេង ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ ពេលដែលកំពុងអង្គុយផឹកមិនទាន់អស់ស្រាបៀម្នាក់មួយកំប៉ុងម្នាក់ផង ក៏ស្រាប់តែ ជនសង្ស័យទាំង០២នាក់ជិះម៉ូតូម៉ាកហុងដាគុបមូល មកដល់ ភ្លាមនោះឈ្មោះហេង យូហ៊ីម បានដកកាំបិតបុ័ងតោចេញពីស្រោម កាប់លើជនរងគ្រោះឈ្មោះអ៊ូច វណ្ណឌឿន បណ្ដាល អោយរងរបួសធ្ងន់ចំនួន២កន្លែង ឃើញដូចនោះ ឈ្មោះអ៊ូច វណ្ណ ដែត ត្រូវជាបងក៏បានស្ទុះទៅជួយ ហើយ ជនសង្ស័យឈ្មោះ ហេង យូហៀង ក៏បានទាញកាំបិតផ្គាក់ពីម៉ូតូចូលទៅជួយដែរ ពេលនោះត្រូវបានអ្នកជិតខាងស្រែកឆោឡោ រួចជនសង្ស័យទាំង២នាក់បាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ទៅ។ ចំណែកឯជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកោះធំ។
ក្រោយបានទទួលព័ត៌មានតាមទូរសព្ទ័សមត្ថកិច្ចយើងចុះដល់កន្លែងកើតហេតុភ្លាមៗ រួចបានធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យ ដើម្បីយកមកអនុវត្តតាមនីតិវិធី៕ អែល មេសា
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS