ព័ត៌មានជាតិ

ធ្លាក់ជាប់គុកម្តងមិនរាង គំរាមរកកាប់សម្លាប់ឪពុកម្ដាយនិងបងប្អូនជាញឹកញាប់ លើកនេះជាប់គុកម្តងទៀត!

11-Oct-2024 382 views

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណី គំរាមកំហែងថានិងសម្លាប់ទៅលើបងស្រីបង្កើតរបស់ខ្លួន និង ធ្វើឲ្យខូចខាតដោយចេតនានិងប្រើប្រាស់គ្រឿងញៀន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៥ និង ៣០ នាទី ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២៤ ភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ព្រាប លាងកេង ភេទស្រី អាយុ ៣១ ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ រស់នៅភូមិកើតហេតុ (ត្រូវជាបងបង្កើត)។ ចំណែកជនសង្ស័យមានឈ្មោះ ព្រាបពន្លឺ ភេទប្រុសអាយុ ២៨ ឆ្នាំ មុខរបរ មិនពិតប្រាក ជាប្អូន និងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលរយៈពេល០១ឆ្នាំ ពីរបទគំរាមកំហែងថានឹងសម្លាប់ មានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន។

ក្នុងនោះ វត្ថុតាងចាប់យក រួមមាន កាំបិតផ្គាក់ចំនួន០១ដើមផ្លែដែកដងឬស្សី និងកណ្ដៀវខ្វាងចំនួន០១ដើមផ្លែដែកដងឈើ សូមបញ្ជាក់ថា ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀនជាប្រចាំ ហើយតែងតែគំរាមកំហែងរកកាប់សម្លាប់ឪពុកម្ដាយនិងបងប្អូនជាញឹកញាប់។

លុះដល់ថ្ងៃកើតហេតុ ជនរងគ្រោះបានចេញពីធ្វើការ ហើយបានត្រឡប់មកផ្ទះ បានឃើញជនសង្ស័យកំពុងតែវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ បណ្ដាលឲ្យខូចខាតអស់មួយចំនួន រួចហើយជនសង្ស័យបានកាន់កាំបិតផ្គាក់និងកណ្ដៀវខ្វាង ស្រែកគំរាមរកកាប់សម្លាប់ជនរងគ្រោះ និងឪពុកម្ដាយថែមទៀត ដោយទ្រាំនឹងទង្វើរបស់ជនសង្ស័យមិនបាន ជនរងគ្រោះក៏បានតេទូរស័ព្ទរាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ត្រើយស្លាឲ្យជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានគំរាមកំហែងរកសម្លាប់ជនរងគ្រោះ និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ អែល មេសា

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS