រាជធានីភ្នំពេញ ៖ រថយន្តកូរ៉េឃ្លុបដឹកទឹកកកមួយគ្រឿង ដាច់ហ្វ្រាំងបុករះរម៉កកង់បី និងម៉ូតូ២គ្រឿង រួចបន្តទៅបុកកន្លែងអ្នកលក់ត្រី ២កន្លែង រត់ចែកជើងគ្នា ព្រលឹងចុងសក់ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ និងបណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ នៅចំណុចផ្សារជនជាតិខ្មែរឥស្លាម តាមបណ្តោយផ្លូវ ៣៦៩ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តកូរ៉េឃ្លុបដឹកទឹកកកមួយគ្រឿង ពាក់ស្លាកលេខ កណ្តាល 3A-1367 ក្នុងទិសដៅពីត្បូងមកជើង លុះដល់ចំណុចកើតហេតុ រថយន្តនេះបានដាច់ហ្វ្រាំងបុករះរម៉កកង់បី និងម៉ូតូ២គ្រឿង ក្នុងនោះមានម៉ូតូសង់មួយគ្រឿង និងម៉ូតូMD មួយគ្រឿង បណ្តាលឲ្យអ្នកបើកម៉ូតូMD របួសធ្ងន់ខ្ទាតចូលក្រោមរថយន្តអូសកិន ពេលនោះរួចរថយន្តមិនទាន់អស់ល្បឿន បន្តទៅបុកកន្លែងអ្នកលក់ត្រី ២កន្លែង រត់ចែកជើងគ្នា ព្រលឹងចុងសក់ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ និងបានបញ្ជូនជនរងគ្រោះដែលរបួសធ្ងន់ ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
បន្ទាប់ពីកើតហេតុភ្លាមៗ នគរបាលប៉ុស្តិ៍ព្រែកប្រា សហការជាមួយជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ បានចុះមកដល់ទីតាំងកើតហេតុ សម្រួលចរាចរណ៍ និងបាន នាំខ្លួនអ្នកបើកបររថយន្តទៅកាន់ប៉ុស្តិ៍សាកសួរ និងធ្វើការវាស់វែង យករថយន្ត ម៉ូតូ និងកង់បី យកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់ ៕ អែល វិចិត្រ
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS