ព័ត៌មានជាតិ

ស្លុយមែនប្រូ! លួចម៉ូតូគេហើយ យកមកបង្ហោះអេតដាក់ Story ទៀតសមត្ថកិច្ចខណ្ឌដង្កោ ចុះទៅដេញចាប់ពេញតាមតារាងបាល់ បាន២នាក់!

10-Oct-2024 195 views

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ទោ ជាង ហ៊ុកសែ អធិការរងនគរបាលខណ្ឌដង្កោ ទទួលផែនព្រហ្មទណ្ឌ ក្រោយការបញ្ជារបស់លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ រួមជាមួយនគរបាលប៉ុស្តិ៍ដង្កោ ធ្វើការចុះឆ្មក់បង្ក្រាបនៅក្នុងតារាងបាល់មួយកន្លែង ក្រោយលួចម៉ូតូរបស់គេហើយ យកមកបង្ហោះកង់មួយ អេតដាក់ Story ក្នុងហ្វេសប៊ុកទៀត ។

ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៤ និង ៥០នាទី (ម៉ោងក្នុងកាមេរ៉ាសុវត្ថិភាព) ត្រង់ចំណុចមុខផ្ទះលេខ១៩៩ ផ្លូវ៨B (បុរីលឹម ឈាងហាក់) ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យចំនួន០២នាក់ ០១/ឈ្មោះ នុយ ប៊ុនហេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ, ០២/ឈ្មោះ ហេង ប៊ុនហៀង ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ឃាត់ខ្លួននៅវេលាម៉ោង១០និង០០នាទី ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ត្រង់ចំណុចតារាងបាល់ទះ ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ចំណែក ជនរងគ្រោះឈ្មោះ ណុន សារ៉ាន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងមាស មានទីលំនៅផ្ទះលេខ១៩៩E០ ផ្លូវលេខ៨B ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងនោះ សម្ភារៈបន្សល់ទុក ម៉ូតូម៉ាក HONDA DREAM C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១KH-២១៨៣ លេខតួ និងលេខម៉ាស៊ីន០០៨៣៦០៦ ចំនួន០១គ្រឿង(ជារបស់ជនរងគ្រោះ)។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០ និង ០០នាទី ជនរងគ្រោះបានជិះម៉ូតូ០១គ្រឿងម៉ាក HONDA DREAM C១២៥ សេរីឆ្នាំ២០២៣ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១KH-២១៨៣ចេញពីស្រុកកំណើតនៅខេត្តស្វាយរៀង មកផ្ទះលេខ១៩៩E០ ផ្លូវ៨B (បុរីលឹម ឈាងហាក់) នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ដល់វេលាម៉ោង ១៤និង ៤០ នាទី ជនរងគ្រោះក៏បានធ្វើដំណើរមកដល់ផ្ទះលេខ១៩៩E០ ខាងលើ ហើយក៏បានឈប់ម៉ូតូនៅខាងមុខផ្ទះ ដោយមិនបានដកូនសោរ ម៉ូតូចេញពីម៉ូតូទេ រួចជនរងគ្រោះក៏បានដើរចូលទៅក្នុងផ្ទះយក សម្ភារៈទៅទុក ។ ប្រហែល ១០នាទី ក្រោយមកជនរងគ្រោះក៏បាន ដើរចេញមកខាងមុខផ្ទះវិញស្រាប់តែបាត់ម៉ូតូម៉ាកខាងលើ ហើយជនរងគ្រោះក៏បានឆែកកាមេរ៉ាសុវត្ថិភាពមើល ឃើញ ជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿង ម៉ាកHONDA SCOOP ពណ៌ស មិនស្គាល់ស្លាកលេខ បានមកធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ នៅវេលាម៉ោង១៤ និង៥០ នាទី ជិះយកទៅបាត់ ។

បន្ទាប់មកជនរងគ្រោះក៏បានមកប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ រាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្ដឹង ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យ យកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់។

លុះដល់វេលាម៉ោង១០ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ សមត្ថកិច្ចយើងក៏បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ នុយ ប៊ុនហេង ភេទប្រុស អាយុ១៨ឆ្នាំ ត្រង់ចំណុចតារាងបាល់ទះ ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមនិងវត្ថុតាង ម៉ូតូម៉ាកHONDA DREAM C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១KH-២១៨៣ (ជារបស់ជនរងគ្រោះ) ហើយដល់វេលាម៉ោង ១០និង៣០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យដែលជាបក្ខពួកបានម្នាក់ទៀតឈ្មោះ ហេង ប៊ុនហៀង អាយុ១៤ឆ្នាំ ត្រង់ចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរតាមនិតិវិធីច្បាប់។

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថារូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ រួចបានដោះស្លាក លេខម៉ូតូរបស់ជនរងគ្រោះចេញ ដើម្បីទុកជិះធ្វើសកម្មភាពលើកក្រោយទៀតប្រាកដមែន។

ក្រោយពីមានចម្លើយសារភាពនិងការសម្របសម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានអនុញ្ញាតឲ្យសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យអនុវត្តតាមផ្លូវច្បាប់តែម្ដង ៕អែល វិចិត្រ

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS