ខេត្តត្បូងឃ្មុំ ៖ យោងតាមផេកផ្លូវការរបស់ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឲ្យដឹងថា ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ នៅភូមិជ័យនិគម ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានដឹកនាំកម្លាំងជំនាញ សហការជាមួយអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីតំណាងនាយកដ្ឋានកណ្តាលសន្តិសុខ ស្នងការនគរបាលខេត្តត្បូងឃ្មុំ សេនានុព័ន្ឋសន្តិសុខមាតុភូមិអមស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា អាជ្ញាធរមូលដ្ឋាន រួមនឹងក្រុមហ៊ុនដើមបណ្តឹង បានរៀបចំពិធីដុតបំផ្លាញចោលនូវសម្ភារវត្ថុតាងបម្រើឲ្យការផលិតបារីក្លែងក្លាយ ចំនួន ២៣មុខ សរុបប្រមាណ ៧០តោន រឹបអូសតាមអំណាចសាលក្រមព្រហ្មទណ្ឌ ដែលបានបង្ក្រាបកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ និងត្រួតពិនិត្យឡើងវិញកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ទៅលើរោងចក្របារីមួយកន្លែងស្ថិតនៅ ភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
សូមបញ្ជាក់ថា សម្ភារៈទាំងអស់ត្រូវបានទម្លាក់ចូលក្នុងរណ្តៅទំហំ១០x១០ម៉ែត្រ ជម្រៅ៣ម៉ែត្ររួចចាក់ប្រេងម៉ាស៊ូត ដុតរហូតដល់ឆេះអស់ បន្ទាប់មកកាយដីកប់តាមលក្ខណៈបច្ចេកទេស ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS