រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ បន្លំខ្លួនធ្វើជាជាងជួសជុលបង្គន់ ឃើញឪកាសល្អលួចកូនសោរម៉ូតូ យកម៉ូតូមកស៊ីគ្រឿងនៅឃ្លាំងរំសេវ ត្រូវ សមត្ថកិច្ចឃាត់បាន ។
ហេតុការណ៍បង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២ នឹង ៤០នាទីថ្ងៃត្រង់ ត្រូវនឹងថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២៤ នៅចំណុចផ្លូវ ១៨៦ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យឈ្មោះ ឡេង ម៉ៅ អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្បែរជនរងគ្រោះ នៅចំណុចផ្ទះជួល ម្តុំផ្សារព្រៃទា ក្នុងសង្កាត់ចោមចៅទី០៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភព័ត៌មានពីជនរងគ្រោះបានប្រាប់អោយដឹងថា នៅប៉ុន្មានថ្ងៃមុនដែលជាថ្ងៃបុណ្យភ្ជុំ ជនរងគ្រោះបានប្រាប់ទៅម្ចាស់ផ្ទះជួលថា បន្ទប់របស់ខ្លួនបានស្ទះបង្គន់ ក៍ស្រាប់តែបុរសជាជនសង្ស័យបានដើរមករួចនិយាយថា « ខ្លួនចេះធ្វើ » ។ ខណៈនោះជនរងគ្រោះបាននាំជនសង្ស័យឡើងទៅមើល ស្របពេលដែលឡើងទៅមើលបង្គន់ស្ទះនោះ ប្រហែលជាជនសង្ស័យក្រឡេកទៅឃើញសោរម៉ូតូនៅលើតុ កូនសោរម៉ូតូចំនួន០២នៅជិតគ្នា ហើយជនសង្ស័យក៍ចុះមកក្រោមវិញ ។
ប្រភពដដែលបន្តទៀតថា លុះមកដល់ថ្ងៃភ្ជុំធំ ដែលជាថ្ងៃចុងក្រោយ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដោយសារតែខ្លួនប្រញាប់ទៅស្រុកទើបមិនចាប់អារម្មណ៍ ហើយគាត់បានចាក់សោរបន្ទប់ចេញទៅស្រុកកំណើតតែម្តង ។ រហូតមកដល់ថ្ងៃកើតហេតុ ជនរងគ្រោះបានត្រឡប់មកពីស្រុកកំណើតវិញ ក៍ស្រាប់តែឃើញបន្ទប់មានសភាពរញ៉េរញ៉ៃ នឹងបានបាត់សោរម៉ូតូ ។ ភ្លាមៗ គាត់ក៍ប្រញាប់រាយការណ៍ជូនសមត្ថកិច្ច នឹងដាក់ពាក្យបណ្តឹង រួចធ្វើការឆែកមើលតាមប្រព័ន្ធGPS បានឃើញម៉ូតូរបស់ខ្លួន ម៉ាក ហុងដាឌ្រីម ពណ៍ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1IN-2420 កំពុងជិះនៅលើផ្លូវបម្រុង យកទៅស៊ីគ្រឿង នៅចំណុចផ្លូវ ១៨៦ ក្បែរឃ្លាំងរំសេវ ទើបសមត្ថកិច្ចខណ្ឌពោធិ័សែនជ័យ នាំគ្នាសហការជាមួយកម្លាំងខណ្ឌទួលគោក ប្រដេញរហូតឃាត់ខ្លួនបានទាំងជនសង្ស័យ និងម៉ូតូ កំពុងស៊ីគ្រឿងម៉ូតូនៅនឹងកន្លែងតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងម៉ូតូត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក ប្រគល់សំណុំរឿងជូន នគរបាលខណ្ឌពោធិ៍សែនជ័យ ជាម្ចាស់ករណីដើម្បីបន្តនីតិវិធី ៕មេសា
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS