ព័ត៌មានជាតិ

រថយន្តដឹកស្រូវ បុករថយន្តកុងតឺន័រកំពុងឈប់ស្តុបខ្ទេចក្បាលខាងមុខ ដូយដូរក្បាលរថយន្តមួយទៀត ស្រាប់តែក្រឡាប់ចាក់ស្រូវចោលពេញផ្លូវ

08-Oct-2024 230 views

រាជធានីភ្នំពេញ ៖ រថយន្តដឹកស្រូវធន់ធំមួយគ្រឿង បុកជាមួយរថយន្តកុងតឺន័រកំពុងឈប់ស្តុប ចំពីក្រោយ ពេញទំហឹង បណ្តាលឲ្យរងការខូចខាត លុះកំពុងដូយដូរក្បាលរថយន្ត ស្រាប់តែក្រឡាប់ចាក់ស្រូវចោលពេញផ្លូវតែម្តង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៤ នៅតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី៣ កែងផ្លូវ១០៤ ក្នុងភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុនោះ គេឃើញរថយន្តកុងតឺន័រមួយគ្រឿង មិនចាំផ្លាកលេខ បានធ្វើដំណើរតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី៣ ទិសដៅពី ជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបានឈប់ភ្លើងស្តុបក្រហម ស្រាប់តែមានរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 3A-8124 ដឹកស្រូវពេញរថយន្ត ធ្វើដំណើរស្របទិសគ្នាមកបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តដឹកស្រូវរងការខូចខាត ។ ពេលនោះ​រថយន្តកុងតឺន័របានចុះមកមើល ដោយសាររថយន្តរបស់ខ្លួនមិនបានរងការខូចខាតអ្វីធ្ងន់ធ្ងរ ក៏បើកចេញទៅបាត់ ។

ចំណែករថយន្តហ៊ីយ៉ាន់ដាយ ដឹកស្រូវវិញ ដោយសារខូចខាតតួនៃក្បាលរថយន្ត ក៏បានដូយ ដើម្បីដូរក្បាលរថយន្តមួយផ្សេងទៀត ពេលនោះក្រឡាច់គ្រឿងដូយ ក៏ក្រឡាប់រថយន្តនោះ ចាក់ស្រូវចោលពេញផ្លូវតែម្តង និងបានឲ្យក្រុមកម្មករលើកស្រូវអែបខាង ដើម្បីសម្រួលការកកស្ទះដល់អ្នកដំណើរផ្សេងទៀត ៕ អែល វិចិត្រ

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS