ព័ត៌មានជាតិ

ជីវិតនេះកម្សត់ពេកហើយ អ្នកសុំទាន ពរនិងដឹកកូន២នាក់ដើរឆ្លងផ្លូវ ត្រូវរថយន្តបុកខ្ទាតប៉ើងដូចសំឡីជាង២០ម៉ែត្រ ស្លាប់៣នាក់ម្តាយកូនយ៉ាងរន្ធត់បំផុត រួចរត់បាត់!

08-Oct-2024 638 views

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ដឹកដៃកូនប្រុសស្រីដើរឆ្លងផ្លូវ ត្រូវបានរថយន្ត បុកខ្ទាតប៉ើងដូចសំឡី ស្លាប់ទាំង៣នាក់ រណូលរណែលពេញផ្លូវ រួចរថយន្តនោះបើករត់បាត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង០៥នាទីព្រឹក ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ប្រជាពលរដ្ឋនៅទីតាំងកើតហេតុបានឲ្យដឹងថា គ្រួសារជនរងគ្រោះជាអ្នកសុំទានគេ មានកូន២នាក់ប្រុសស្រី ស្នាក់អាស្រ័យក្នុងវត្តកំបូលច្រើនខែមកហើយ លុះមុនកើតហេតុ ស្ត្រីរងគ្រោះ ឈ្មោះ ហង់ រ៉ាន់ អាយុ៤២ឆ្នាំ បានពរកូនស្រីឈ្មោះ ទូច ចាន់នី អាយុ៦ឆ្នាំ និងដឹកដៃកូនប្រុស ឈ្មោះ ទូច សំណាង អាយុ៨ឆ្នាំ ចេញពីវត្តកំបូល ក្រោមមេឃកំពុងធ្លាក់ភ្លៀងស្រិចៗ តាមបណ្តោយផ្លូវជាតិលេខ៤ពីកើតទៅលិច ដល់ចំណុចកើតហេតុ ក៏ដឹកដៃកូនដើរឆ្លងផ្លូវពីជើងទៅត្បូង ដល់បំណែកផ្លូវម្ខាងទៀតហើយ ស្រាប់តែមានរថយន្ត២កឹប ពណ៌ខ្មៅមួយគ្រឿង បើកពីកើតទៅលិច វ៉ាជែងរថយន្តកុងតឺន័រ បុកជនរងគ្រោះទាំង៣នាក់ម្តាយកូនប៉ើងដូចសំឡីជាង២០ម៉ែត្រ បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងរួចរថយន្តនោះបើករត់បាត់។

ក្រោយកើតហេតុ ប្តីបានមកដល់ទ្រហ៊ោយំយ៉ាងខ្លាំង ស្រវ៉ាអោបសពប្រពន្ធនិងកូន ខណៈសមត្ថកិច្ចជំនាញចរាចរណ៍កំពុងស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាព តាមចាប់រថយន្តបង្កខាងលើ មកដោះស្រាយគ្នាតាមច្បាប់ ៕ នុច

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS