រាជធានីភ្នំពេញ៖ យុវជន៣នាក់ នាំគ្នាជិះម៉ូតូ ពីខេត្តសៀមរាប មកលេងបុណ្យភ្ជុំនៅទីក្រុងភ្នំពេញបានម្ដង ក៏ត្រូវបានក្រុមចោរមួយក្រុមប្រើល្បិចលួចយកទូរសព្ទដៃ៣ គ្រឿង និងម៉ូតូ Scoopy មួយគ្រឿង ចេញពីក្នុងផ្ទះសំណាក់នៅម្ដុំបឹងកក់ទៅបាត់ ។
ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាម៉ោង១០យប់ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២៤ ។
តាមសម្ដីរបស់ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានបបួលគ្នាជិះម៉ូតូពីខេត្តសៀមរាប មកលេងទីក្រុងភ្នំពេញ ក្នុងឱកាសបុណ្យភ្ជុំថ្ងៃចុងក្រោយ ហើយក៏សម្រាកនៅអង្គុយក្បែរវត្តភ្នំ ក៏មានជនសង្ស័យ៣នាក់ មានទាំងស្រី មានទាំងប្រុស បានប្រើល្បិចហៅឲ្យទៅដេកផ្ទះសំណាក់តម្លៃធូរថ្លៃ រួចក៏ធ្វើសកម្មភាពខ្ចីទូរសព្ទ ហើយក៏ចាំមើលជនរងគ្រោះសម្រាកនៅក្នុងផ្ទះសំណាក់រួចរាល់ ក៏បានធ្វើសកម្មភាពចូលទៅលួចយកទូរសព្ទដៃចំនួន ៣គ្រឿង និងចូលមកកាច់កម៉ូតូ scoopy បានមួយគ្រឿង នាំគ្នាជិះរត់គេចខ្លួនបាត់ដោយសុវត្ថិភាពតែម្តង។
ក្រោយកើតហេតុយុវជនទាំង៣នាក់ខាងលើ បានទៅដាក់ពាក្យបណ្ដឹងនៅ ប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ស្រះចក ដើម្បីឲ្យសមត្ថកិច្ចជួយតាមរកម៉ូតូ និងតាមចាប់ក្រុមជនសង្ស័យខាងលើនោះ យកមកដាក់ទោសទៅតាមផ្លូវច្បាប់ ៕ Mrr Ka
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS