ខេត្តកំពង់ឆ្នាំង៖ យោងតាមផេក រដ្ឋបាលស្រុកកំពង់ត្រឡាច បានឲ្យដឹងថា គិតត្រឹមម៉ោង២២ និង២២នាទី នាយប់ថ្ងៃសុក្រទី៤ ខែតុលា ឆ្នាំ ២០២៤ គណ:បញ្ជារការឯកភាពរដ្ឋបាលស្រុក, អាជ្ញាធរឃុំភូមិ ប្រជាការពារ និងប្រជាពលរដ្ឋ បានខិតខំសង្រ្គោះ និងស្វែងរក កុមារចំនួន ២រូប ដែលបានបាត់ខ្លួនពុំទាន់ឃើញនៅឡើយ ក្នុងឧបទ្ទវហេតុលិចទូកឈើ ១គ្រឿង ក្នុងទន្លេ ដែលទូកមានប្រវែង ៦ម៉ែត្រ និងទទឹង ១ម៉ែត្រ នាវេលាម៉ោង ១៨ និង២០នាទី បើកបរដោយឈ្មោះ ហាប់ មូសា ភេទប្រុស អាយុ ៤០ឆ្នាំជនជាតិខ្មែរឥស្លាម រស់នៅភូមិសំរិទ្ធជ័យ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងទូកមានមនុស្សជិះចំនួន ៤នាក់ (រួមទាំងអ្នកបើកបរ) ចេញដំណើរពីត្រើយខាងកើតភូមិសំរិទ្ធជ័យ ដើម្បីឆ្លងមកត្រើយខាងលិចភូមិកំពង់ត្រឡាច ក្នុងបំណងទៅសម្រាន្តកំដរម្តាយដែលមានជំងឺ តែជាអកុសលនៅពេលទូកឆ្លងបានជិតពាក់កណ្តាលទន្លេ ក៏មានភ្លៀង និងខ្យល់ខ្លាំងបណ្តាលឲ្យទូកក្រឡាប់លិចតែម្តង ។
យោងតាមប្រភពពីលោក កុយ ញ៉ាន មេឃុំកំពង់ត្រឡាច បានបញ្ជាក់ឲ្យដឹងពីជនរងគ្រោះទាំង ៤នាក់ រួមមាន÷
១. ឈ្មោះ ហាប់ ម៉ូសា អាយុ ៤៦ឆ្នាំ ត្រូវជាឪពុក និងជាម្ចាស់ទូក (សង្គ្រោះបាន)
២. ឈ្មោះ ម៉ូសា អាប់ទល់ឡោះ ភេទប្រុស អាយុ ៥ឆ្នាំ ត្រូវជាកូន (សង្គ្រោះបាន)
៣. ឈ្មោះ ម៉ូសា ណូតហាយ៉ាទី ភេទស្រី អាយុ ១៤ឆ្នាំ ត្រូវជាកូន (បានបាត់ខ្លួន)
និង៤. ឈ្មោះ សុគ្រី យ៉ាម៉ាល់ ភេទប្រុស អាយុ ១៤ឆ្នាំ នៅសង្កាត់ច្រាំងចំរេះ២ ខ័ណឫស្សីកែវ ត្រូវជាក្មួយ (បាត់ខ្លួន)
ភ្លាមៗនោះ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ លោក វន ស៊ីផាអភិបាល នៃគណៈអភិបាលស្រុក និងអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្ត ដោយមានកិច្ចសហការពីកងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត រួមជាមួយ អធិការដ្ឋាននគរបាលស្រុក, មូលដ្ឋានកងរាជអាវុធហត្ថស្រុក, ផ្នែកសឹករងស្រុក, ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ, អាជ្ញាធរស្រុកឃុំភូមិ និងប្រជាការពារ រួមទាំងប្រជាពលរដ្ឋ បានចូលរួមយ៉ាងសកម្មក្នុងការជួយសង្រ្គោះ និងខិតខំស្វែងរក កុមារទាំង ២រូប ដែលបានបាត់ខ្លួន នៅពុំទាន់ឃើញនៅឡើយ។
គិតរហូតមកទល់ម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤នេះ អាជ្ញាធរមានសមត្ថកិច្ច រកឃើញសពទាំង២នាក់ហើយ ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS