ខេត្តកំពង់ស្ពឺ ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា យោងតាមការរាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ថាសមត្ថកិច្ចនគរបាលបានចេញប្រតិបត្ដិការស្ទាក់ឃាត់មុខសញ្ញាក្មេងទំនើង ០២ក្រុម ដែលបានបង្កហឹង្សាកាប់គ្នា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិអ្នកដទៃ កាលពីវេលាម៉ោង ២០:៣០នាទីយប់ នៅចំណុចផ្លូវជាតិ៤១(ព្រះបាទអង្គឌួង) ស្ថិតក្នុងភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ក្រុមក្មេងទំនើងទាំង ០២ក្រុម មានទំនាស់គ្នាយូរមកហើយ ថៃ្ងនេះបានស្រាយកំហឹងដោយអ្នកខ្លះមានកាំបិតផ្គាក់ កាំបិតកាចែត និងដំបងទីបដែក តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ចន សុភិត អធិការនគរបាលស្រុកបសេដ្ឋ លទ្ធផលជាក់ស្ដែងសមត្ថកិច្ចឃាត់មុខសញ្ញាក្មេងទំនើង បាន ០៤នាក់ ៖(១)ឈ្មោះ អេង សុខណាង ភេទប្រុស អាយុ២៤ឆ្នាំ ស្រុកកំណើតនៅភូមិទងត្រឡាច ឃុំព្រែកពោធិ ស្រុកស្រីសន្ធរ បច្ចុប្បន្នភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ម្ចាស់កាំបិតផ្គាក់ដងដែក (២)ឈ្មោះ ប៉ុន បញ្ញា ហៅ អាត ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅភូមិក្បៀរ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ (៣)ឈ្មោះ ប៊ូ រតន៍ ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅភូមិក្បៀរ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ (៤)ឈ្មោះ កន អួក ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិតាដែងចាស់ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ដកហូតបាន ម៉ូតូ០២គ្រឿង និងកាំបិតកាចែត ០១ដើម រីឯបក្ខពួកផ្សេងទៀតគេចខ្លួន ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានបញ្ជូនក្រុមក្មេងទំនើងមកកាន់ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងចាត់ការនីតិវិធីបន្ដ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS