ខេត្តកែប ៖ យោងតាមផេកផ្លូវការរបស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបង្ហោះនៅវេលាម៉ោង ១០ និង ៥២នាទីយប់ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងទាំងស្រុងថា « ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ បងប្អូនប្រជាពលរដ្ឋខេត្តកែបនូវការទទួលបដិសណ្ឋារកិច្ច ពិសេសភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានចូលមកទស្សនា សម្រាកលម្ហែកម្សាន្តយ៉ាងច្រើនកុះករនៅខេត្តកែប ក្នុងរយៈពេល ០៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ មានចំនួន ៧៩,៥៣៨ នាក់ កើនឡើង ២៦,១១%(១៦,៤៧២ នាក់) បើប្រៀបធៀបនឹងឆ្នាំ២០២៣ »។
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបន្តថា «ទោះបីជាការខិតខំប្រឹងប្រែងឲ្យល្អឥតខ្ចោះយ៉ាងណាក៏ដោយ យើងក៏អាចនៅមានចន្លោះប្រហោង និងភាពខ្វះខាតខ្លះៗផងដែរ ដូចជារយៈពេលកន្លងមកនេះមានការិះគន់ផ្សេងៗ និងបញ្ហាមួយចំនួនតូចពាក់ព័ន្ធទៅនឹងតម្លៃម្ហូបអាហារ នៅខេត្តកែប ។
រដ្ឋបាលខេត្ត សូមទទួលយកនូវរាល់មតិរិះគន់ក្នុងន័យស្ថាបនារបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ដើម្បីជាមូលដ្ឋានក្នុងការកែលម្អ និងដោះស្រាយនូវរាល់ចំណុចខ្វះខាតដែលជាបញ្ហាកង្វល់របស់បងប្អូន ហើយក៏ជាចំណុចដែលរដ្ឋបាលខេត្តបានយកចិត្តទុកដាក់ជាប្រចាំ ឲ្យកាន់តែល្អប្រសើរ សំដៅធ្វើយ៉ាងណាឲ្យខេត្តកែបកាន់តែមានភាពទាក់ទាញ និងខិតខំបង្កើនការអភិវឌ្ឍបន្ថែមនូវតំបន់សក្ដានុពលទេសចរណ៍នានា សម្រាប់ទទួលស្វាគមន៍ដំណើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋជាបន្តទៀត »៕
រដ្ឋបាលខេត្តសូមជម្រាបជូនថា ក្នុងករណីដែលបងប្អូនជួបប្រទះនូវភាពមិនប្រក្រតីណាមួយលើការផ្ដល់សេវាកម្មនានា ពិសេសពាក់ព័ន្ធនឹងតម្លៃម្ហូបអាហារ សូមទំនាក់ទំនងទៅកាន់លេខទូរសព្ទដូចខាងក្រោម ៖
- 012 821 411
- 088 432 0034
- 099 549 789
សូមអរគុណ!
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS