ព័ត៌មានជាតិ

ក្រុមចោរលួចម៉ូតូ៤នាក់ យ៉ាងសកម្មប្រចាំក្រុងប៉ោយប៉ែត អស់លក្ខណ៍ត្រូវអាវុធហត្ថបង្ក្រាបបាន !

05-Oct-2024 266 views

ខេត្តបន្ទាយមានជ័យ៖ យោងតាមផេកផ្លូវការរបស់ មន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា យោងតាមពាក្យបណ្តឹងជនរងគ្រោះឈ្មោះ ឈុន វាស្នា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ស្តីពីករណីលួចម៉ូតូ កាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចមុខវត្តអូរល្ហុង ស្ថិតក្នុងភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ រហូតនៅវេលាម៉ោង០៩និង០០នាទី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ ជនរងគ្រោះបានប្រទះឃើញជនសង្ស័យជិះម៉ូតូរបស់ខ្លួននៅចំណុចកាស៊ីណូហ្គោដវើល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទើបប្តឹងមកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឱ្យឃាត់ខ្លួនភ្លាមៗតែម្តង។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ ១-ឈ្មោះ លី តុលា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ , ២-ឈ្មោះ រ៉ន រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ, ៣-ឈ្មោះ ស៊ុន សេងលី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ៤-ឈ្មោះ វី វណ្ណា (តឿន) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅមណ្ឌល១០ ភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ព្រមទាំងដកហូតវត្ថុតាង៖ ១-ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិត ឆ្នាំ២០២០ គ្មានផ្លាកលេខ (ប្រគល់ជូនជនរងគ្រោះវិញ), ២-ម៉ូតូម៉ាក វិនន័រ ពណ៌ខ្មៅ ចំនួន០១គ្រឿង, ៣-ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០០៥ ចំនួន០១គ្រឿង, ៤-ផ្លាកលេខម៉ូតូ ចំនួន០១ , ៥-បំណែកម៉ូតូ មួយចំនួន ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានលួចម៉ូតូ របស់ជនរងគ្រោះ ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS