ខេត្តកណ្តាល ៖ សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណី ធ្វើឲ្យខូចខាតដោយចេតនា គំរាមកំហែងថានិងសម្លាប់និងប្រើប្រាស់គ្រឿងញៀន ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២រសៀល ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ក្នុងភូមិវាលត្រែង
ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ គឹង ខុម ភេទស្រី អាយុ ៥៤ ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល(ត្រូវជាម្តាយបង្កើត)។
ចំណែកជនសង្ស័យមានឈ្មោះ ធឿន វិន ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរ មិនពិតប្រាកដ ជាកូនបង្កើត មានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន(+) ។
ក្នុងនោះ វត្ថុតាងចាប់យកបានរួមមាន ៖ អង្រែបុកគ្រឿងចំនួន០១ និងសម្ភារៈខូចខាតរួមមាន៖
១-ពាងទឹកចំនួន០១
២-ឆ្នាំងដាំបាយចំនួន០២
៣-ខ្ទះឆាចំនួន០២
៤-ចានមួយចំនួន។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀនជាប្រចាំ តែងតែគំរាមកំហែងរកសម្លាប់ជាញឹកញាប់ តែជនរងគ្រោះមិនបានប្ដឹងសមត្ថកិច្ចនគរបាលទេ លុះដល់ថ្ងៃកើតហេតុ ជនរងគ្រោះកំពុងអង្គុយចាក់ស្បៃនៅក្រោយផ្ទះ ស្រាប់តែពេលនោះជនសង្ស័យបានដើរមកដល់ក៏ស្រែកជេរឡូឡា និងគំរាមរកកាប់សម្លាប់ជនរងគ្រោះជាម្តាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះមួយចំនួនថែមទៀត ដោយទ្រាំនឹងទង្វើជនសង្ស័យមិនបានជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ឱ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានគំរាមកំហែងរកសម្លាប់ម្តាយ និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះពិតប្រាកដមែន ។ ពេលនេះជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនចាត់ការតាមច្បាប់ ៕ មេសា
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS