ខេត្តតាកែវ៖ ពុទ្ធោ ភ្ជុំគេសប្បាយ បែរជា យុវជន៣នាក់ ជានិស្សិតផ្នែកច្បាប់ មកលេងភ្ជុំបិណ្ឌនៅផ្ទះមិត្តភក្តិ ក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ បែរជាលង់ទឹកស្លាប់ ទម្រាំរកឃើញ ស្លាប់ទាំង៣នាក់ទៅហើយ ខណៈមេរុវិញ ត្រូវបានរៀបធ្វើបុណ្យ ជាមួយគ្នា ម្តង៣មេរុឯណោះ ដើម្បីបូជាតាមប្រពៃណី ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ជាងរសៀល ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ នៅម្តុំស្ទឹងកំពង់លាស ស្ថិតនៅក្នុងភូមិធម្មវិន័យ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ មានយុវជន៥នាក់ ដែលជានិស្សិតផ្នែកច្បាប់ និងមានស្រុកកំណើតនៅខេត្តកំពង់ចាម បានធ្វើដំណើរមកលេងបុណ្យភ្ជុំបិណ្យនៅផ្ទះមិត្ត ក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ រួចបានបបួលគ្នា មកងូតទឹកលេងនៅរនៀលទឹកស្ទឹងខាងលើអកុសល្យក៏លង់ទាំង៥នាក់ ផ្អើលសមត្ថកិច្ចជាច្រើននាក់ មានទាំងនគរបាល និងអាវុធហត្ថ រួមទាំងប្រជាពលរដ្ឋ ចុះជួយសង្គ្រោះស្រង់បាន២នាក់រួចផុតពីគ្រោះថ្នាក់ ដោយឡែក ៣នាក់ទៀត ទម្រាំរកឃើញ បានស្លាប់ទៅហើយ ។
សពទាំង៣នាក់រួមមាន ៖
១. ឈ្មោះ ជិន នូ អាយុ២២ឆ្នាំ នៅភូមិរកា ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ
២.ឈ្មោះ ម៉េង ហ៊ាង អាយុ២០ឆ្នាំ រស់នៅភូមិលេខ៦ សង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ
៣.ឈ្មោះ ហេង មុន្នីហ៊ាង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកោះតូច ឃុំពាមជីគង ស្រុកកងមាស ខេត្តកំពង់ចាម
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើសកោល្យវិច័យទៅលើសាកសពយ៉ាងយកចិត្តទុកដាក់ វេចខ្ចប់ និងប្រគល់សពឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ខណៈ មេរុវិញ ត្រូវបានរៀបធ្វើបុណ្យ ជាមួយគ្នា ម្តង៣មេរុឯណោះ ដើម្បីបូជាតាមប្រពៃណី ៕នុច
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS