រាជធានីភ្នំពេញ ៖ ចំថ្ងៃស៊យ ចប់ភ្ជុំភ្លាម លោកចោរចេញធ្វើសកម្មភាពឆក់ខ្សែពីស្ត្រីម្នាក់ មិនសម្រេចហើយ ខាតរត់ចោលម៉ូតូមួយគ្រឿងទៀត ប្រាសអាយុ រត់ឡើងម៉ូតូបក្សពួក យករួចខ្លួនទៅបាត់ ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ជិត១១ព្រឹក ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង៣០ម៉ែត្រ ខាងកើតផ្សារសុភមង្គល ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់ ជិះម៉ូតូម៉ាកស្កុបពីមួយគ្រឿង ឌុបស្ត្រីកាន់ក្មេងម្នាក់ទៀតនៅពីក្រោយ ក្នុងទិសដៅពីកើតទៅលិច ពេលនោះស្រាប់តែមានជនសង្ស័យ៣នាក់ គ្នា៣ម៉ូតូ ជិះម្នាក់មួយគ្រឿង មកឆក់ខ្សែកពីស្ត្រីជាអ្នកឌុប តែមិនបានសម្រេច បណ្តាលឲ្យដួលម៉ូតូទាំងចោរ ទាំងជនរងគ្រោះ ជនរងគ្រោះស្រែកឆោឡោថាចោរៗ ផ្អើលប្រជាពលរដ្ឋ ពេលនោះជនសង្ស័យភ័យ ក៏ប្រញាប់រត់ឡើងជិះម៉ូតូបក្ខពួកដែលបកមកយក រួចប្រញាប់គេចខ្លួនបាត់ បន្សល់ទុកម៉ូតូសង់ មួយគ្រឿងដែលជាមធ្យោបាយជិះធ្វើសកម្មភាពនៅទីតាំងកើតហេតុ សំណាងល្អណាស់ក្នុងហេតុការណ៍ជនរងគ្រោះនិងក្មេងតូច គ្មានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ យកម៉ូតូជនសង្ស័យខាងលើ និងនាំជនរងគ្រោះទៅប៉ុស្តិ៍ដើម្បីសាកសួរ និងស្រាវជ្រាវតាមចាប់ជនសង្ស័យខាងលើ យកមកផ្តន្ទាទោសតាមច្បាប់ ៕ អែល វិចិត្រ
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS