ព័ត៌មានជាតិ

រដូវភ្ជុំ ចេញលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ស៊យមិនទាន់បានលួចផង ជាប់ខ្នោះរបស់សមត្ថកិច្ចបាត់!

28-Sep-2024 307 views

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១២:៣០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយកំលាំងការិយាល័យព្រហ្មទណ្ឌ កំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ពី បទប៉ុនប៉ងលួច និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន (ប៉ុនប៉ងលួចយកទ្រព្យសម្បត្តិប្រជាពលរដ្ឋ) ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចលើដង ផ្លូវលេខ១៣៤ ក្រុមទី៨ ភូមិ៥ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ រួចបញ្ជូនមកាន់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរតាមនីតិវិធី។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ រួមមាន​៖

១-ឈ្មោះ សូ កន្និកា ហៅ កូនត្រេន ភេទស្រី អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ៥ ជាន់ទី៤ ប្លុកសុខាឡៃ ផ្លូវលេខ១២៦ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។

២-ឈ្មោះ កែម លី ហៅ លី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវលេខ១២៦ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ចំណែកវត្ថុតាងចាប់យកមាន៖ កង់តួប្រុសចំនួន០១គ្រឿង , កន្រ្តៃសម្រាប់កាត់ដែកចំនួន០១ , សោរមាត់ចំនួន០៣, ដង្កាប់ចំនួន០១ , ដែកសសៃតូចកែច្នៃសម្រាប់ឆ្កឹះសោរចំនួន០២, ឧបករណ៍បំពង់កែវកែច្នៃសម្រាប់ជក់គ្រឿងញៀនចំនួន០២, ទូរស័ព្ទដៃម៉ាក IPHONE 6 ពណ៌ទឹកប្រាក់ចំនួន០១ , កាបូបស្រីពណ៌ផ្កាឈូកចំនួន០១ និងសាក់កាដូពណ៍ខ្មៅចំនួន០១,ដែកកេះចំនួន០២ (ចាប់យកពីឈ្មោះ សូ កន្និកា ហៅ កូនត្រេន) ។ កន្ត្រៃសម្រាប់កាត់ដែកចំនួន០១ , ដង្កាប់ចំនួន០២ , សោរមាត់លេខ១២ ចំនួន០១ , សោរខ្សៀលេខ០៩ ចំនួន០១ , សោរមាត់លេខ១៨ ចំនួន០១ , ដែកឆាបចុងស្រួចចំនួន០១ , ទុលល្វីសចំនួន០២ , កាំបិតសម្រាប់ចិតបន្លែចំនួន០១ , ឧបករណ៍កែច្នៃ(ដបជ័រនិងទុយោ) សម្រាប់ជក់គ្រឿងញៀនចំនួន០១ , បំពង់កែវកែច្នៃសម្រាប់ជក់ថ្នាំញៀនចំនួន០១ ,និងក្រាមពណ៍សថ្លា(សង្ស័យជាគ្រឿងញៀន) ចំនួន០១កញ្ចប់ធំល្មម (ចាប់យកពីឈ្មោះ កែម លី ហៅ លី) រួមនិងម៉ូតូ០១គ្រឿងម៉ាក Honda I con ស៊េរី2009 (ជារបស់ជនរងគ្រោះដែលជនសង្ស័យរូបនេះនិងបក្សពួកលួចយក គាស់ផ្ទះរបស់ជនរងគ្រោះយក កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០២:២៩នាទីរំលងអាធ្រាត្រ (ម៉ោងមើលតាមកាំមេរ៉ាសុវត្ថិភាព) នៅសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ) ។

សូមបញ្ជាក់ថា ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក លី សុខហ៊ី ជាជំនួយការ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ បានចុះដឹកនាំកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ០៣:៣០នាទីទាបភ្លឺ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការល្បាតការពារសុវត្ថិភាពនៅក្នុងមូលដ្ឋាន លុះកម្លាំងយើងល្បាតមកចំណុចលើដងផ្លូវលេខ១៣៤ក្រុមទី៨ ភូមិ៥ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក៏បានប្រទះឃើញជនសង្ស័យចំនួន០២នាក់ ទី១-ឈ្មោះ កែម លី ហៅ លី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ និងទី២-ឈ្មោះ សូ កន្និកា ហៅ កូនត្រេន ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ បានជិះកង់តួប្រុសចំនួន០១គ្រឿងដោយមានឧបករណ៍សម្រាប់លួច ដាក់នៅភ្ជាប់និងកង់ទុកធ្វើសកម្មភាពលួច គ្រាន់តែឃើញកម្លាំងសមត្ថកិច្ចយើងជនសង្ស័យឈ្មោះ កែម លី ហៅ លី ក៏បានរត់គេចខ្លួនបាត់ ភ្លាមនោះកម្លាំងសមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ សូ កន្និកា ហៅ កូនត្រេន និងចាប់យកវត្ថុតាងខាងលើ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរតាមនីតិវិធី ៕ អែល វិចិត្រ

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS