ខេត្តកណ្តាល ៖ នេះហើយជីវិត ដើម្បីក្រពះ ឪពុកម្តាយធ្វើបាយទឹកទុកឲ្យកូននៅលេង២នាក់បងប្អូននៅផ្ទះ ចំណែកខ្លួនទាំងប្តីនិងប្រពន្ធក៏ដើរលក់ខោអាវជជុះ ម៉ោង១០យប់ទើបមកផ្ទះ បែរជាគេប្រាប់ថា កូនលង់ទឹកប្រឡាយស្លាប់ទៅវិញ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦និង ២០នាទីយប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ចំណុចប្រឡាយជ្រលងឆ្តោ ភូមិដើមជ្រៃ ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ជូរ សៀងហាក់ ភេទប្រុស អាយុ៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅសព្វថ្ងៃភូមិដើមជ្រៃ ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល។
ក្នុងនោះតាមការបំភ្លឺរបស់ឈ្មោះរឹម រី ភេទប្រុសអាយុ៥៦ឆ្នាំ និងឈ្មោះកែម ចិន្ដា ភេទស្រីអាយុ២៩ឆ្នាំ ជាឪពុកម្ដាយបង្កើតរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា ជារៀងរាលរាល់ថ្ងៃពួកគាត់បានទុកជនរងគ្រោះឲ្យនៅជាមួយកូនប្រុសបងម្នាក់ទៀតឈ្មោះ ជូរ សៀងហេង អាយុ៩ឆ្នាំ នៅផ្ទះតែ២នាក់បងប្អូន ដោយដោយគាត់បានដាំបាយធ្វើម្ហូបទុកឱ្យរួចរាល់ ហើយពួកគាត់ទាំងពីរនាក់ប្ដីប្រពន្ធ ក៏ចេញដើរលក់ខោអាវជជុះរហូត ដល់ម៉ោង១០យប់ទើបមកដល់ផ្ទះវិញ។ លុះនៅថ្ងៃទី២៥.០៩.២០២៤វេលាម៉ោង០៩:០០នាទី ក្រោយពីពួកគាត់ដាំបាយធ្វើម្ហូបទុកឱ្យជនរងគ្រោះនិងកូនប្រុសម្នាក់ទៀតរួចរាល់ ពួកគាត់ក៏ចេញទៅដើរលក់ខោអាវជជុះដូចរាល់ដង។
ដល់វេលាម៉ោងប្រហែល១៦:៣០នាទី អ្នកជិតខាងក៏បានឃើញជនរងគ្រោះជាមួយបងប្រុសរបស់ខ្លួន និងក្មេងៗដូចគ្នាចំនួន០៣នាក់ទៀត ដើរទៅលេងនៅទំនប់ទឹកក្រោយភូមិ។ លុះដល់វេលាម៉ោង១៨:២០នាទី ក្មេងៗដែលទៅជាមួយជនរងគ្រោះនោះបានរត់ឡើងមកភូមិវិញ ហើយក្មេងស្រីម្នាក់ឈ្មោះ ផល្លា លីយ៉ា បានប្រាប់សមត្ថកិច្ចប៉ុស្តិ៍ថា ឈ្មោះ ជូរ សៀងហាក់ បានលង់ទឹកប្រឡាយ ឮដូច្នេះកម្លាំងប៉ុស្តិ៍ និងលោកមេឃុំមេភូមិ រួមនឹងប្រជាពលរដ្ឋក៏បាននាំក្មេងស្រីឈ្មោះផល្លា រីយ៉ា ទៅកន្លែងកើតហេតុ ហើយក៏នាំគ្នាចុះរាវរកជនរងគ្រោះ ក៏បានរកឃើញជនរងគ្រោះលង់ទឹកស្លាប់បាត់ ហើយក៏បានប្រាប់ទៅឪពុកម្ដាយជនរងគ្រោះឲ្យមកកន្លែងកើតហេតុ រួចក៏នាំគ្នាយកសពជនរងគ្រោះមកផ្ទះ។
បន្ទាប់មកកម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍ គ្រូពេទ្យបង្អែក និងអាជ្ញាធរធ្វើការពិនិត្យសពជនដងគ្រោះឃើញថា៖សពជនរងគ្រោះមានទឹកចេញតាមច្រមុះនិងមាត់នៅលើផ្នែកក្បាល ដងខ្លួន អវៈយវៈ ពុំមានស្លាកស្នាមអ្វីផ្សេងគួរឲ្យកត់សម្គាល់ឡើង ដូច្នេះតាមការសន្និដ្ឋាន សពជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។
ពេលនេះសពជនរងគ្រោះត្រូវបានប្រគល់ឲ្យទៅម្ដាយបង្កើតឈ្មោះកែម ចិន្ដា ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ អែល មេសា
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS