ព័ត៌មានជាតិ

ក្រុមចោរកាប់ប្លន់យកម៉ូតូ ០៣នាក់ ត្រូវសមត្ថកិច្ចសហការគ្នាបង្ក្រាបបាន ក្រោយចេញកាប់ប្លន់២ថ្ងៃជាប់គ្នា

26-Sep-2024 200 views

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០៥ព្រឹក សមត្ថកិច្ចនគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល  និងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់, ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីកាប់ប្លន់យកម៉ូតូ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់រួមមាន ៖

ទី០១ឈ្មោះ គីម គឹមឡេង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ទី០២ឈ្មោះ តក់ សុវណ្ណ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ទី០៣ឈ្មោះ ជាតិ ឧត្តម ហៅ ខ្មៅ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំងនេះបានប្រព្រឹត្តបទល្មើស២ផ្សេងគ្នារួមមាន៖

១/ករណី លួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ប្រើកាំបិតតបុ័ងតោ និងមួកសុវត្ថិភាពវាយប្លន់យកម៉ូតូ) កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៩និង៤៥នាទី (ម៉ោងក្នុងកាមេរ៉ាសុវត្ថិភាព) ត្រង់ចំណុចខាងត្បូងស្តុបបាគូ ផ្លូវ២១៧ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពីជនរងគ្រោះឈ្មោះ ឡាត់ ដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិព្រែកប្រណាក សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សម្ភារៈបាត់បង់: ផ្លាកលេខភ្នំពេញ 1KZ-9234 ។ ចំណែក វត្ថុតាងចាប់យក៖ ម៉ូតូម៉ាក HONDA DREAM C១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ គ្មានផ្លាកលេខ ចំនួន០១គ្រឿង (របស់ជនរងគ្រោះឈ្មោះ ឡាត់ ដារ៉ា) ។

២/ករណី លួចមានស្ថានទម្ងន់ទោសដោយការប្រើអំពើហិង្សា (ប្រើកាំបិតផ្គាក់គំរាមប្លន់យកម៉ូតូ) កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៤និង៣០នាទី ត្រង់ចំណុចប្រឡាយទឹក ផ្លូវលំ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពីជនរងគ្រោះឈ្មោះ ឆក វ៉ិត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ បិទស្កុតរថយន្ត ទីលំនៅភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្នុងនោះ វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាប៊ីត ពណ៌សលាយខៀវ ពាក់ផ្លាកលេខកំពត1Q-2999 មានលេខតួ9028453 លេខម៉ាស៊ីន9028590 ចំនួន០១គ្រឿង (របស់ជនរងគ្រោះឈ្មោះ ឆក វ៉ិត) ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៩និង៣០នាទី ជនរងគ្រោះឈ្មោះ ឡាត់ ដារ៉ា និងមិត្តភក្តិបានជិះម៉ូតូ០១គ្រឿងម៉ាក HONDA DREAM C១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ ពាក់ស្លាកលេខភ្នំពេញ 1KZ-9234 ចេញពីបន្ទប់ជួល ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងគោលបំណងទៅផ្ទះ ស្ថិតនៅភូមិព្រែកប្រណាក សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពេលជនរងគ្រោះជិះម៉ូតូមកដល់ចំណុចខាងត្បូងស្តុបបាគូ ផ្លូវ២១៧ ស្ថិតនៅភូមិបាគូសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យមានគ្នាចំនួន០៤នាក់ជិះម៉ូតូចំនួន០២គ្រឿង (ម៉ាកHONDA DREAM C១២៥ ពណ៌ខ្មៅ មិនចាំសេរី មិនស្គាល់ស្លាកលេខ) បានធ្វើសកម្មភាពយកមួកសុវត្ថិភាពវាយមកលើជនរងគ្រោះ បណ្ដាលឲ្យដួលម៉ូតូ ហើយជនសង្ស័យក៏បានចុះពីលើម៉ូតូកាន់កាំប៉័ងតោដេញកាប់ជនរងគ្រោះ រួចជនរងគ្រោះ ក៏បានរត់ចោលម៉ូតូហើយជនសង្ស័យក៏បានលើកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់។ បន្ទាប់មកជនរងគ្រោះក៏បានមកប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ រាយការណ៍ប្រាប់សមត្ថកិច្ចនិងដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកក្រុមជនសង្ស័យយកមកធ្វើការសាកសួរតាមបន្តិធីច្បាប់ ។

លុះដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៤និង៣០នាទី ក្រុមជនសង្ស័យខាងលើបានធ្វើសកម្មភាពគំរាមប្លន់យកម៉ូតូម៉ាកហុងដាប៊ីត ពណ៌សលាយខៀវ ពាក់ផ្លាកលេខកំពត1Q-2999 ចំនួន០១គ្រឿង របស់ជនរងគ្រោះឈ្មោះ ឆក វ៉ិតត្រង់ចំណុចប្រឡាយទឹក ផ្លូវលំ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយបើកគេចខ្លួនបាត់ រួចជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាក សួរ តាមនីតិវិធីច្បាប់ ។

រហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០៥ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យដែលជាអ្នកធ្វើសកម្មភាពខាងលើបានចំនួន០៣នាក់រួមជាមួយវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់។ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកខ្លួន (ជនសង្ស័យ) និងបក្ខពួកម្នាក់ទៀតឈ្មោះ វីន ភេទប្រុស អាយុ២២ឆ្នាំ (គេចខ្លួន) ពិតជាបានធ្វើសកម្មភាពវ៉ៃប្លន់យកម៉ូតូម៉ាក HONDA DREAM C១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ ផ្លាកលេខ ភ្នំពេញ1KZ-9234 ចំនួន០១គ្រឿង (របស់ជនរងគ្រោះឈ្មោះ ឡាត់ ដារ៉ា) និងបានធ្វើសកម្មភាពគំរាមប្លន់យកម៉ូតូម៉ាកហុងដាប៊ីត ពណ៌សលាយខៀវ ពាក់ផ្លាកលេខកំពត1Q-2999 ចំនួន០១គ្រឿង (របស់ជនរងគ្រោះឈ្មោះ ឆក វ៉ិត) ហើយបានដោះយកផ្លាកលេខភ្នំពេញ1KZ-9234 យកទៅឱ្យឈ្មោះ ឃាង ភេទប្រុស អាយុ៥២ឆ្នាំ ប្រាកដមែន ។

ក្រោយពីមានចម្លើយសារភាពនិងមានការសម្របសម្រួលពី លោកឆាយ ហុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានអនុញ្ញាតឲ្យសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យនិងអនុវត្តតាមផ្លូវច្បាប់តែម្ដង ៕ អែល វិចិត្រ

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS