ខេត្តកណ្តាល ៖ មានការភ្ញាក់ផ្អើលខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ ខណៈប្រទះឃើញសពបុរសម្នាក់ មិនដឹងស្លាប់តាំងពីពេលណានោះទេ ហើមស្អុយទៅហើយ អណ្តែតទឹក កាលពីវេលាម៉ោង ៤ល្ងាច ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចភូមិគគីរធំ២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
សមត្ថកិច្ចបានឲ្យដឹងថា សពខាងលើ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល៤០ឆ្នាំ ប្រជាពលរដ្ឋតែងហៅឈ្មោះ តុង ហេ (ជាមនុស្សវិកលចរិក។
តាមការបំភ្លឺពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុ ប្រហែល៥ថ្ងៃមុន ពេលយប់ ធ្លាប់ឃើញជនរងគ្រោះខាងលើដែលគេច្រើនហៅថាឈ្មោះតុងហេ ជាមនុស្សវិកលចរិក នេះដើរស្រែកឡូឡានៅតាមផ្លូវ ក្បែរៗកន្លែងកើតហេតុដូចសព្វដង ចាប់តាំងពីពេលនោះមក ស្រាប់តែបាត់ជនរងគ្រោះខាងលើរហូត ។
ដោយឡែកបើតាមការបំភ្លឺពីឈ្មោះប៉ាង សុភ័ក្រ ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្ស បានអោយដឹងថា មុនពេលកើតហេតុ ខ្លួនរួមនិងក្មេងៗរស់នៅក្នុងភូមិជាមួយចំនួន០៦នាក់ទៀត បាននាំគ្នាចុះលេងទឹកនៅព្រែកថ្មីចំណុចកើតហេតុ ខណៈកំពុងហែលទឹកលេង ស្រាប់តែធំក្លិនស្អុយ ចេញពីក្នុងកំផ្លោក ទើបខ្លួននឹងអ្នកផ្សេងទៀតបានវែកកំផ្លោកទាញរកមើល ទើបដឹងថាជាសាកសពមនុស្ស ក៏បានស្រែកប្រាប់ចាស់ៗនៅក្នុងភូមិ អោយផ្តល់ព័ត៌មានជូនដល់សមត្ថកិច្ច ។
ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍គគីរធំសហការណ៍ជាមួយនិងអាជ្ញាធរឃុំ ពេទ្យ និងកម្លាំងផ្នែកជំនាញកោសលវិច្ចយ័ស្រុកកៀនស្វាយ ចុះពិនិត្យសាកសព ឃើញថា សាកសពបានស្លាប់ដោយសារ លង់ទឹកមែន ពេលនេះសពត្រូវបានប្រគល់ជូនអាជ្ញាធរមូលដ្ឋានដើម្បីបញ្ចុះរងចាំក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីនៅពេលក្រោយ ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS