ព័ត៌មានជាតិ

ខ្លាំងមែនលោកចោរ! ស្ទាក់មន្ត្រីនគរបាលជាតិម្នាក់ចាប់ផ្តួលទៅលើដី យកខ្សែមួកសុវត្ថិភាពរឹតក ប្លន់យកកាបូបលុយ ត្រូវជនរងគ្រោះស្រែកផ្អើលសមត្ថកិច្ចរហូតដេញចាប់បាន

24-Sep-2024 275 views

រាជធានីភ្នំពេញ​៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ក្រាំងពង្រ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោឃាត់ខ្លួន ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស ដោយការប្រើអំពើហិង្សា (ចាប់ក្រៀកកហែកហោប៉ៅខោជនរងគ្រោះប្លន់យកកាបូបលុយ) កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង២០និង៣០នាទី ត្រង់ចំណុចក្រោមស្ពានអាកាស(ក្រវ៉ាត់ក្រុងទី៣) ផ្លូវជាតិលេខ៣ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្នុងករណីនេះ ជនរងគ្រោះឈ្មោះ លឹម ថេង ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាលជាតិ មានទីលំនៅភូមិសំបួរមាស សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ចំណែកជនសង្ស័យមានឈ្មោះ ជន បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់ដេរ មានទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្នុងនោះ សម្ភារៈបន្សល់ទុក៖ កាបូបលុយ ពណ៌សូកូឡាចំនួន០១, អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរឈ្មោះ លឹម ថេង ចំនួន០១, អត្តសញ្ញាណបណ្ណនគរបាលជាតិឈ្មោះ លឹម ថេង ចំនួន០១, ប័ណ្ណបើកបរឈ្មោះ លឹម ថេងចំនួន០១, កាតATM ចំនួន០១, ប័ណ្ណសំគាល់យានយន្តចំនួន០១, កាតចាក់វ៉ាក់សាំងឈ្មោះ លឹម ថេង ចំនួន០១, ប័ណ្ណបសសឈ្មោះ លឹម ថេង ចំនួន០១, មួកសុវត្ថិភាព ពណ៌សចំនួន០១ (របស់ជនរងគ្រោះ) ។

សូមបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូ០១គ្រឿងម៉ាកស៊ុយស៊ូគី ណូវ៉ា ម្នាក់ឯង ចេញពីបន្ទាយក្រាំងចេក ស្ថិតនៅភូមិដើមឫស ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បីត្រឡប់មកផ្ទះ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលជនរងគ្រោះជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើង ដល់ចំណុចក្រោមស្ពានអាកាស(ផ្លូវក្រវ៉ាត់ក្រុងទី៣) ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជនរងគ្រោះបានឈប់ម៉ូតូ ស្រាប់តែមានជនសង្ស័យបានដើរចេញពីក្រោមស្ពានអាកាសទៅពីក្រោយជនរងគ្រោះ រួចធ្វើសកម្មភាពយកដៃស្តាំក្រៀក.ក ជនរងគ្រោះ ពេលនោះជនរងគ្រោះបានរើបម្រះ ជនសង្ស័យក៏បានបោកជនរងគ្រោះផ្តួលទៅដី ហើយឡើងសង្កត់លើ យកដៃឆ្វេងទាញខ្សែមួកសុវត្ថិភាពរឹតក ជនរងគ្រោះ នឹងយកដៃស្តាំហែកហោប៉ៅខោខាងស្តាំ យកកាបូបលុយរបស់ជនរងគ្រោះ រួចជនសង្ស័យបាត់រត់គេចខ្លួន ចូលទៅក្នុងវាលស្រែ ។ ពេលនោះជនរងគ្រោះបានរត់ដេញតាមពីក្រោយ និងស្រែកឆោឡោថាចោរៗ ស្របពេលនោះកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ បានទៅដល់អន្តរគមន៍ឃាត់ខ្លួនសង្ស័យ រួមនិងវត្ថុតាងយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ ធ្វើការសាកសួរតាមនីតិវិធីច្បាប់។

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា រូបខ្លួន (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពចាប់ក្រៀកកប្លន់យកកាបូបលុយរបស់ជនរងគ្រោះប្រាកដមែន រួចជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕ អែល វិចិត្រ

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS