រាជធានីភ្នំពេញ ៖ ពិតជាហ៊ានមែនលោកចោរ! ឆក់ខ្សែកមាស ទម្ងន់ ១តម្លឹង ៧ជី ពីបុរសម្នាក់កំពុងជិះម៉ូតូឌុបប្រពន្ធកូនចេញពីហូបអីនៅផ្សារ និងកំពុងឈប់ស្តុបបានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោល បើទោះបីជាភ្លាមៗសមត្ថកិច្ចបានព្យាយាមដេញតាមក៏ដោយ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ចំណុចផ្លូវបេតុង ច្រកចូលផ្សារចំការដូង ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមសម្តីរបស់ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធបានបញ្ជាក់ប្រាប់ VITHEY NEWS ឲ្យដឹងថា មុនពេលកើតហេតុ គាត់ជាប្តីបានជិះម៉ូតូស្កុបពីពណ៌ក្រហម ឌុបប្រពន្ធនិងកូនប្រុសស្រីតូចៗ២នាក់ទៀត ចេញពីផ្ទះមកហូបអីនៅផ្សារចំការដូង ពេលហូបរួចក៏ជិះម៉ូតូឌុបគ្នាចេញមកវិញ លុះដល់ចំណុចកើតហេតុកំពុងចាំស្តុប ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូម៉ាកសង់សេ១២៥ មិនចាំស្លកាលេខ ក្នុងទិសដៅបញ្ច្រាសទិសគ្នាជាមួយគាត់ មកដល់ក៏ឆក់ខ្សែកមាស ទម្ងន់ ១តម្លឹង ៧ជី ពីកជនរងគ្រោះជាប្តី បានសម្រេច រួចប្រញាប់ជិះយ៉ាងលឿនគេចខ្លួនបាត់ ហើយពេលនោះគាត់បានផ្តួលម៉ូតូខំស្រែកឆោឡោថាចោរៗដែរ តែគ្មានអ្នកដំណើរណាជួយគាត់នោះទេ បណ្តោយឲ្យចោរនោះរត់បាត់ ភ្លាមៗគ្រាន់តែទទួលដំណឹងនេះ សមត្ថកិច្ចបានព្យាយាមដេញតាមផងដែរ ប៉ុន្តែមិនទាន់ជនសង្ស័យរត់គេចខ្លួនបាត់ ។
ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ដង្កោ ដើម្បីដាក់ពាក្យបណ្តឹង ងាយស្រួលសមត្ថកិច្ចកំណត់អត្តសញ្ញាណជនសង្ស័យ យកមកចាត់ការតាមច្បាប់ ៕ អែល វិចិត្រ
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS