ព័ត៌មានជាតិ

បុរសម្នាក់ អង្គុយស្ទូចត្រីសុខៗ រហូតខ្យល់គរស្លាប់..

24-Sep-2024 301 views

រាជធានីភ្នំពេញ ៖ បុរសម្នាក់ទៅអង្គុយស្ទូចត្រីសុខៗ ស្រាប់តែផ្កាប់មុខលើដើមបន្លាក្បែរមាត់ប្រឡាយ អ្នកភូមិឃើញមិនស្រួល នាំគ្នាជួយសង្រ្គោះ តែជាអកុសលបានស្លាប់បាត់ទៅហើយ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅមាត់ប្រឡាយក្លឹបវាយកូនហ្គោលរ៉ូយ៉ាល់ភ្នំពេញ ភូមិអករំដួល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះខាងលើមានឈ្មោះទិន ភារម្យ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជាងសំណង់ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1JB-4841 មានស្រុកកំណើតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម និងស្នាក់នៅផ្ទះជួលភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ស្រ្តីជាប្រពន្ធបាននិយាយថា ប្ដីគាត់មានជម្ងឺបេះដូងច្រើនឆ្នាំមកហើយ ហើយមួយរយៈពេលកន្លងមកនេះ ប្ដីរបស់គាត់អត់មានការងារសំណង់ធ្វើទេ ហើយបានសម្រាកនៅផ្ទះ។ ចំណែកគាត់ទៅធ្វើការរោងចក្រ និងបានប្រាប់ប្ដីថាបើអត់ការងារធ្វើបងទៅស្ទូចត្រីទៅគ្រាន់បានធ្វើម្ហូបរួចទិញគេ ។ បន្ទាប់មកប្ដីគាត់បានចេញស្ទូចត្រីរាល់ថ្ងៃ ដោយឡែកនៅថ្ងៃកើតហេតុ ក៏បានចេញទៅស្ទូចត្រីទៀត គាត់ក៏មិននឹកស្មានថាប្ដីជួបរឿងបែបនេះឡើយ ។ ស្រាប់តែពេលកំពុងធ្វើការសុខៗ មានគេខលប្រាប់ថាប្ដីគាត់ស្លាប់ហើយ គាត់ជាប្រពន្ធក៏ប្រញាប់មកកន្លែងកើតហេតុ ហើយឃើញប្ដីស្លាប់មែន ។

ប្រជាពលរដ្ឋបាននិយាយថា គាត់បានឃើញបុរសរងគ្រោះទៅអង្គុយស្ទូចត្រីនៅចំណុចកើតហេតុនោះរយៈពេល៣ថ្ងៃមកហើយ ប៉ុន្តែអត់មាននរណាបានចាប់អារម្មណ៍ជាមួយគាត់ ឬស្មានថាគាត់មានបញ្ហាអ្វីកើតឡើងនោះទេ ។ លុះដល់ពេលកើតហេតុ មានបុរសចំណាស់ម្នាក់ជិះកង់ឆ្លងកាត់តាមផ្លូវនោះ បានប្រទះឃើញបុរសនេះដេកស្លាប់ផ្កាប់មុខគងលើដើមបន្លាអូយយ៉ាស់ ក៏ស្រែកប្រាប់គេឯងបង្កអោយមានការភ្ញាក់ផ្អើលឆោឡោ ។ ពេលនោះពួកគាត់បាននាំគ្នាលើកបុរសដើម្បីនោះធ្វើចលនាបេះដូងជាការសង្រ្គោះបឋម ប៉ុន្តែបុរសនោះស្លាប់បាត់ទៅហើយ ទើបស្រាវជ្រាវតាមលេខទូរស័ព្ទទៅកាន់ប្រពន្ធគាត់អោយទៅទទួលយកសពប្ដី ។

បន្ទាប់មកបានរាយការណ៍ជូននគរបាលប៉ុស្តិ៍សំរោងក្រោម អោយចុះទៅពិនិត្យ ដើម្បីរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅធ្វើកោសល្យវិច័យ និងប្រគល់សពជនរងគ្រោះឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ អែល មេសា

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS