រាជធានីភ្នំពេញ ៖ ពិតជារន្ធត់ណាស់ នារីម្នាក់ ត្រូវរថយន្តកិនស្លាប់ភ្លាមៗយ៉ាងរន្ធត់ ខណៈម្នាក់ទៀតខ្ទាតចេញគ្រាន់តែរងរបួសស្រាល ក្រោយជិះម៉ូតូទាក់ដៃចង្កូតជាមួយរថយន្ត រួចដួលខ្ទាតមនុស្សចូលក្រោមរថយន្តកិនស្លាប់តែម្តង ហើយភ្លាមៗរថយន្តបានព្យាយាមបើករត់ដែរ តែត្រូវសមត្ថកិច្ចដេញឃាត់បានមកវិញ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧ និង ៣០នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចផ្លូវកប់ស្រូវ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក យីឌុប ពណ៌ខៀវលាយស ពាក់ស្លាកលេខ ព្រះសីហនុ 3A-3853 បើកបរក្នុងទិសដៅស្របទិសគ្នាជាមួយម៉ូតូជនរងគ្រោះម៉ាកលែត ដែលជិះដោយនារី២នាក់ លុះដល់ចំណុចកើតហេតុ ម៉ូតូបានទាក់ដៃចង្កូតជាមួយរថយន្ត ដួលខ្ទាតនារីដែលអង្គុយនៅខាងក្រោយ ចូលក្រោមរថយន្តកិនធ្លាយខួរស្លាប់តែម្តង ចំណែកនារីជាអ្នកឌុប របួសស្រាល ខ្ទាតចេញ ហើយភ្លាមៗរថយន្តបានព្យាយាមបើករត់ដែរ តែត្រូវសមត្ថកិច្ចដេញឃាត់បានមកវិញ ទាំងអ្នកបើកបរ ទាំងរថយន្ត ។ ខណៈសាច់ញាតិសព មកដល់ទ្រហ៊ោយំបោកខ្លួនយ៉ាងខ្លាំង ។
ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍គោរកា សហការជាមួយនគរបាលជំនាញចរាចរណ៍ខណ្ឌព្រែកព្នៅ និងនគរបាលចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត ៕ មេសា
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS