ព័ត៌មានជាតិ

ជិះម៉ូតូលឿនពេក ទៅបុកផ្ទប់រថយន្តកំពុងបើកឡើងទួលឆ្លងយឺត របួសធ្ងន់ស្រាល២នាក់

24-Sep-2024 240 views

រាជធានីភ្នំពេញ ៖ យុវជន២នាក់ ជិះម៉ូតូលឿនពេក ទៅបុកផ្ទប់រថយន្តហាយឡែនឌ័រ ដែលកំពុងបើកបរដោយបុរសវ័យចំណាស់ម្នាក់ យឺតឡើងពីចំណោតច្រកចុះក្លោងទ្វារវត្តដំបូកខ្ពស់ ពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង ៤ល្ងាច ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុច លើផ្លូវ ២៧១ ក្បែរសាលារៀនបឹងត្របែកខាងត្បូង ក្នុងភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមសម្តីរបស់លោកពូជាអ្នកបើករថយន្ត បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើករថយន្ត យឺតៗបំនងទៅផ្ទះនៅជិតនេះ លុះកំពុងឡើងទួល គាត់ក៏បានបង្អន់រថយន្តឈប់ ពេលនោះក៏មានរថយន្តRange Rover មួយគ្រឿង ដែលបើកផ្លូវត្រង់ បានឈប់ដើម្បីឲ្យគាត់បើកឡើងឆ្លងមកលើផ្លូវ២៧១នេះ ពេលនោះស្រាប់តែមានម៉ូតូម៉ាកហុងដាគុបជ្រុង៩០ ជិះដោយយុវជន២នាក់ ក្នុងល្បឿនលឿន បុកជាមួយរថយន្តគាត់ពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានទុកពេលឲ្យភាគីទាំង២ដោះស្រាយគ្នាសិន បើមិនត្រូវគ្នាទេ នឹងធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត ៕ អែល វិចិត្រ

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS