រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងព្រឹក ចាត់ទុកសំណាងមួយ ក្នុង១០០០គ្រោះថ្នាក់ ខណៈរថយន្តលាយបេតុងមួយគ្រឿង ឆ្លងប្រព័ន្ធចរន្តភ្លើង ជាន់ហ្វ្រាំងអត់ជាប់ ខ្លាចបុករះប្រជាពលរដ្ឋផ្សេងទៀតដែលកំពុងឈប់ចាំស្តុប ក៏បង្ខំចិត្តបួងចង្កូតឡើងលើខឿនផ្លូវ ជ្រុលបុកផ្ទប់នឹងបង្គោលភ្លើង រងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចស្តុបបញ្ជាចរាចរណ៍ ផ្លូវជាតិលេខ១ ក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តលាយបេតុងមួយគ្រឿង ពណ៌ក្រហម លាយស ពាក់ស្លាកលេខ ភ្នំពេញ 5A-3349 កំពុងបើកបរតាមបណ្តោយផ្លូវជាតិលេខ១ លុះដល់ចំណុចភ្លើងស្តុបបញ្ជាចរាចរណ៍ ស្រាប់តែរថយន្តឆ្លងប្រព័ន្ធចរន្តភ្លើង ជាន់ហ្វ្រាំងអត់ជាប់ ដោយសារខ្លាចបុករះប្រជាពលរដ្ឋដែលកំពុងឈប់ស្តុប ក៏បង្ខំចិត្តបួងចង្កូតឡើងលើខឿនផ្លូវ ជ្រុលបុកផ្ទប់នឹងបង្គោលភ្លើងខូចខាត ១ដើម និងខូចខាតរថយន្តយ៉ាងដំណំ តែចាត់ទុកថាសំណាងណាស់ ក្នុងហេតុការណ៍នេះគ្មាននរណាម្នាក់ រងរបួសនោះទេ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍បានចុះធ្វើការវាស់វែង យករថយន្តខាងលើ ទៅរក្សាទុក រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត ៕ អែល វិចិត្រ
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS