រាជធានីភ្នំពេញ ៖ បុរសម្នាក់ ជិះម៉ូតូដឹកសាច់ជ្រូកចេញពីកុងស៊ី ឆ្ពោះទៅផ្សារដើមគរ ត្រូវរថយន្តដឹកប្រេង កិនធ្លាយខួរស្លាប់យ៉ាងរន្ធត់ ហើយរថយន្តបានបើកគេចខ្លួន តែត្រូវសមត្ថកិច្ចស្រាវជ្រាវរកឃើញចាប់បាននៅការ៉ាស់សាំងមួយកន្លែងជិតសាលាសាមគ្គី ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង៣០នាទីយប់ ឈានចូលថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ២០២៤ ចំណុចផ្លូវមុន្នីរ៉េត ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន និងរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើគបុរសម្នាក់ ជិះម៉ូតូ ម៉ាកC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម 1G4749 បើកបរដោយឈ្មោះ ចក់ ឆែម ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិចំការមន ឃុំតាម៉ែន ស្រុកទឹកឈូ ខេត្តកំពត បើកទិសដៅពីជើងទៅត្បូងបត់ឆ្វេង គោលបំណងដឹកសាច់ជ្រូកចេញពីកុងស៊ី ឆ្ពោះទៅផ្សារដើមគរ លុះដល់ចំណុចកើតហេតុ ស្រាប់តែមានត្រូវរថយន្តដឹកប្រេងម៉ាក CHENGLENG ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3G1017 បើកបរដោយឈ្មោះ សុក ផល្លា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបើកបរ អាស័យដ្ឋាន ភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល បើកទិសដៅពីត្បូងទៅជើង បានបុកម៉ូតូ និងកិនអ្នកជិះម៉ូតូធ្លាយខួរស្លាប់យ៉ាងរន្ធត់បំផុត រួចហើយរថយន្តនេះ បានបើកគេចខ្លួនយ៉ាងលឿន តែត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចស្រាវជ្រាវរកឃើញចាប់បាននៅការ៉ាស់សាំងមួយកន្លែងជិតសាលាសាមគ្គី ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យ សហការជាមួយនគរបាលចរាចរណ៍ក្រុង ចុះធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សព អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS