ព័ត៌មានជាតិ

ផឹកចំស្រាកាច គប់កំប៉ុងស្រាដាក់គេកំពុងជិះម៉ូតូ គេសួរបែរជាព្រួតគ្នាវាយ និងចាក់គេ បណ្តាលឲ្យម្នាក់របួសធ្ងន់!

16-Sep-2024 304 views

រាជធានីភ្នំពេញ ​៖ មានករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកូនកាំបិតចាក់ជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់) កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង២១និង៣០នាទី ត្រង់ចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិកំរ៉ែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ចំណែកជនរងគ្រោះចំនួន០២នាក់ទី០១ឈ្មោះ ហោន ភារុំ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅភូមិកំរ៉ែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី០២ឈ្មោះ រឿន រាជ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅភូមិត្រពាំងគ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្នុងករណីនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ទី០១ឈ្មោះ ខាន់ សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅភូមិកំរ៉ែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី០២ឈ្មោះ ប៉ូវ ប៉ោត ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅភូមិកំរ៉ែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី០៣ឈ្មោះផន វិច្ឆិកា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅភូមិកំរ៉ែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី០៤ឈ្មោះ ផល្លា ត្រឺ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិកំរ៉ែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី០៥ឈ្មោះ អ៊ូច សារឿន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅភូមិកំរ៉ែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ឃាត់ខ្លួននៅវេលាម៉ោង០៥និង០០នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិកំរ៉ែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

មុនពេលកើតហេតុ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៧និង០០នាទី ជនរងគ្រោះឈ្មោះ រឿន រាជ ភេទប្រុស អាយុ២០ឆ្នាំ និងជនរងគ្រោះឈ្មោះ ហោន ភារុំ ភេទប្រុស២២ឆ្នាំ រួមជាមួយអ្នកធ្វើការជាមួយគ្នាចំនួន០១នាក់ទៀតឈ្មោះ រឿន រាម ភេទប្រុស អាយុ១៨ឆ្នាំ ក្រោយសម្រាកពីការងារជាកម្មករសំណង់ ក៏បាននាំគ្នាផឹកស៊ីនៅកន្លែងធ្វើការ ស្ថិតនៅភូមិកំរ៉ែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានផឹកស្រាបៀរកម្ពុជាចំនួន០១កេស ។

រហូតដល់វេលាម៉ោងប្រហែល២០និង៥០នាទីថ្ងៃខែឆ្នាំដដែល ឈ្មោះ រឿន រាជ ត្រូវបានប្រពន្ធទូរស័ព្ទហៅឱ្យត្រឡប់ទៅផ្ទះ ក៏បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1HQ-9526 ទៅផ្ទះមុន ។ រហូតដល់វេលាម៉ោង២១និង៣០នាទី ថ្ងៃខែឆ្នាំដដែល ស្រាប់តែឃើញឈ្មោះ រឿន រាជ បានជិះម៉ូតូត្រឡប់មកវិញ ប្រាប់ថា ពេលជិះម៉ូតូទៅតាមផ្លូវមានគេគប់កំប៉ុងស្រាបៀរត្រូវជើងរបស់គាត់ (ឈ្មោះ រឿន រាជ) រួចជនរងគ្រោះឈ្មោះ ហោន ភារុំ ក៏បាននិយាយថា ចាំរូបគាត់ (ហោន ភារុំ) ទៅសួរនាំឱ្យ រួចក៏បានជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1JE-2694 ចេញទៅមុន ចំណែកជនរងគ្រោះឈ្មោះ រឿន រាជ ជិះម៉ូតូចេញទៅតាមក្រោយ ហើយឈ្មោះ រឿន រាម ក៏បានជិះម៉ូតូម៉ាកធូដេ ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ1GX-1597 ទៅតាមពីក្រោយដែរ។

ពេលជនរងគ្រោះជិះម៉ូតូម្នាក់០១គ្រឿងទៅដល់ក៏បានឃើញជនសង្ស័យចំនួន០៥នាក់ ទី០១ឈ្មោះ ខាន់ សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ ទី០២ឈ្មោះ ប៉ូវ ប៉ោត ភេទប្រុស អាយុ៤៣ឆ្នាំ ទី០៣ឈ្មោះផន វិច្ឆិកា ភេទប្រុស អាយុ៣៣ឆ្នាំ ទី០៤ឈ្មោះ ផល្លា ត្រឺ ភេទប្រុស អាយុ២៩ឆ្នាំ ទី០៥ឈ្មោះ អ៊ូច សារឿន ភេទប្រុស អាយុ៤២ឆ្នាំ កំពុងអង្គុយផឹកស៊ី ។ ហើយជនរងគ្រោះឈ្មោះ ហោន ភារុំ ក៏បានសួរនាំក្រុមជនសង្ស័យថា ម៉ិចបានយកកំប៉ុងស្រាបៀរគប់ទៅលើឈ្មោះ រឿន រាជ អញ្ចឹង?ហើយជនសង្ស័យទាំង០៥នាក់ ក៏បានឈ្លោះប្រកែកគ្នាជាមួយជនរងគ្រោះ និងបានប្រតាយប្រតប់គ្នា ពេលនោះជនសង្ស័យឈ្មោះ អ៊ូច សារឿន (ម្ចាស់ផ្ទះ) បានយកកូនកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះឈ្មោះ ហោន ភារុំ ចំនួន០២កូនកាំបិតត្រូវចំពោះធ្លាយពោះវៀន រួចជនរងគ្រោះឈ្មោះ រឿន រាជ និងឈ្មោះ រឿន រាម បានចូលទៅជួយក៏ត្រូវជនសង្ស័យឈ្មោះ អ៊ូច សារឿន ចាក់ត្រូវចំពោះជនរងគ្រោះឈ្មោះ រឿន រាជ ចំនួន០១កូនកាំបិតដែរ ហើយក្រុមជនសង្ស័យទាំង០៥នាក់ បានព្រួតគ្នាវ៉ៃទៅលើជនរងគ្រោះទាំងពីរនាក់ និងឈ្មោះ រឿន រាម ថែមទៀត តែឈ្មោះ រឿន រាម មិនមានរងរបួសទេ ។ ពេលនោះជនរងគ្រោះក៏បាននាំគ្នារត់គេចខ្លួនបានចំងាយ១០០ម៉ែត្រ ឈ្មោះ រឿន រាម ក៏បានហៅផាសអាប់ដឹកជនរងគ្រោះដែលរបួសទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សី ។ បន្ទាប់មកក៏មានអ្នកជិតខាងបានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសាក់សំពៅឱ្យជួយអន្តរាគមន៍ ហើយសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ទី០១ឈ្មោះ ខាន់ សុខហេង ទី០២ឈ្មោះ ប៉ូវ ប៉ោត ទី០៣ឈ្មោះ ផន វិច្ឆិកា ទី០៤ឈ្មោះ ផល្លា ត្រឺ ទី០៥ឈ្មោះ អ៊ូច សារឿន យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសាក់សំពៅតាមនីតិវិធីច្បាប់ ។

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS