ព័ត៌មានជាតិ

ដុតទៀនវស្សា ឆេះវត្តសារ៉ាវ័ន្ត យ៉ាងសន្ធោសន្ធៅទាំងកណ្តាលរាត្រី

16-Sep-2024 322 views

រាជធានីភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះវត្តសារ៉ាវ័ន្ត មួយកន្លែង បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ នេះបើយោងតាមផេកផ្លូវការរបស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១និង១៥នាទីយប់រំលងអាធ្រាត ថ្ងៃទី១៥ ខែកញ្ញា​ ឆ្នាំ២០២៤ ដែលស្ថិតចំណុចផ្លូវ១៧៨ ភូមិ៩ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដោយមានការអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ដោយទទួលបានបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៥គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់០៥ឡាន ស្មើរនឹង១៦ម៉ែត្រគូប​។

ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺ​ថ្មបេតុង ឆេះបន្ទប់ ទំហំ (២ម៉ែត្រ x ២ម៉ែត្រ) ទៀនវស្សាពិដានខាងលើ និងសម្ភារៈមួយចំនួន និងពុំបណ្តាលឲ្យឆេះរាលដាលដល់កុដក្បែរខាងឡើយ។ ចំពោះគ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើង ធ្វើការបាញ់ឲ្យរលត់ទៅវិញ នៅវេលាម៉ោង​ ២និង១៥នាទីយប់រំលងអាធ្រាតនាថ្ងៃដដែល។

ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ ដោយបញ្ជាក់ថា ករណីនេះគឺបណ្តាលមកពី​ការដុតទៀនវស្សាឆេះរាលដាលបង្ករជាអគ្គិភ័យ។ ដោយឡែក នៅក្នុងហេតុការណ៍នេះ មិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសក្នុងគ្រោះអគ្គិភ័យខាងលើនេះឡើយ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS