ព័ត៌មានជាតិ

ទុស្សេម៉ាស៊ីនត្រជាក់ ឆេះផ្ទះប្រជាពលរដ្ឋហ៊ុយផ្សែងយ៉ាងខ្លាំង បាញ់ទឹកអស់ ០៨ឡានទើបរលត់!

13-Sep-2024 289 views

រាជធានីភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះ មួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៤និង២៦នាទីល្ងាច ថ្ងៃទី១២​ ខែកញ្ញា​ ឆ្នាំ២០២៤ ដែលស្ថិតចំណុចភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។

ភ្លាមៗ ដោយមានការអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៨គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មើរនឹង០៨ម៉ែត្រគូប​,​ រថយន្តជំនួយមកពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ ចំនួន០៣គ្រឿង​ ប្រើប្រាស់ទឹកអស់០១ឡាន​ ស្មើរនឹង០៤ម៉ែត្រគូប​ និងរថយន្តរបស់ក្រុមហ៊ុន​ ស្រាបៀរកម្ពុជា​ ចំនួន០១គ្រឿង​ ប្រើប្រាស់ទឹកអស់០១ឡាន​ ស្មើរនឹង០៦ម៉ែត្រគូប។

តាមរបាយការណ៍ពីសមត្ថកិច្ចជំនាញ ដែលVITHEY NEWS ទទួលបានបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ជា លួរ ភេទប្រុស អាយុ ៧០ ឆ្នាំ ជួលអោយ

១. ឈ្មោះ រិន សុធា ភេទប្រុស អាយុ ៤០ ឆ្នាំ មុខរបរ លក់ថ្នាំពេទ្យ ចំនួន ០២ បន្ទប់ ទទឹង ៨ ម៉ែត្រ បណ្តោយ៨ ម៉ែត្រ ស្នាក់នៅផ្ទះ គ្មានលេខ ក្រុមទី ៣ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ភ្នំពេញ ។

២. ⁠ឈ្មោះ វុធ ចរិយា ភេទស្រី អាយុ ៣៥ ឆ្នាំ មុខរបរ អ៊ុតសក់ ស្នាក់នៅផ្ទះគ្មានលេខ ក្រុម៣ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ភ្នំពេញ ។

ចំណែកមូលហេតុបណ្តាលមកពី ( ទុស្សេម៉ាស៊ីនត្រជាក់ ) ។ ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺ​ថ្មប្រក់សង្ក័សី ទំហំ (០៨ម៉ែត្រ x ០៨ម៉ែត្រ)​ ឆេះបន្ទប់ចំនួន ០១បន្ទប់ ខូចខាតសំភារៈផ្ទះបាយ ម៉ាស៊ីនបាញ់ ឡាសែបាញ់ចិញ្ចើម និងម៉ាស៊ីនត្រជាក់ ០១ គ្រឿង របស់ ឈ្មោះ វុធ ចរិយា ។

ឯកសារសំបុត្រកំណើត សៀវភៅគ្រួសារ គ្រឿងអលង្គកា សញ្ញាប័ត្រពេទ្យ កងជើងកូនក្មេង ០២ ខ្សែ ខ្សែក០១ ខ្សែ លុយដុល្លារ ១២០០ ដុល្លារ របស់ ឈ្មោះ រិន សុធា ។

ចំពោះគ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើង ធ្វើការបាញ់ឲ្យរលត់ទៅវិញ នៅវេលាម៉ោង​ ៥និង០០នាទីល្ងាចនាថ្ងៃដដែល។ ដោយឡែក នៅក្នុងហេតុការណ៍នេះ មិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសក្នុងគ្រោះអគ្គិភ័យខាងលើនេះឡើយ៕ នុច

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS