ព័ត៌មានជាតិ

ក្រុមក្មេងទំនើងរហ័សនាម ZK សាំងគីប ៤នាក់ ជាប់ខ្នោះរបស់សមត្ថកិច្ច ខណៈកំពុងតាមចាប់០៦នាក់ទៀត ក្រោយខឹងគេមើលមុខ បើកឆាកប្រយុទ្ធ

11-Sep-2024 277 views

រាជធានីភ្នំពេញ ៖ ក្រុមក្មេងទំនើងរហ័សនាម ZK សាំងគីប ចំនួន ៤នាក់ ក្នុងចំណោមបក្ខពួក ១០នាក់ ត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌដង្កោ ធ្វើការបង្ក្រាបបាន ក្រោយបើកឆាកប្រយុទ្ធ ទាញមួកសុវត្ថិភាព និងដុំឥដ្ឋ ដេញធាក់ដៃចង្កូតម៉ូតូរបស់ជនរងគ្រោះបណ្តាលឱ្យដួល រួចវាយនិងគប់ទៅលើជនរងគ្រោះ២នាក់ ដោយសារខឹងគេមើលមុខ ។

ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៥និង១៥នាទី ត្រង់ចំណុចផ្លូវបេតុង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះចំនួន០២នាក់ ទី១/ឈ្មោះ នឿន ដាវីត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចុងភៅ មានទីលំនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី២/ឈ្មោះ នឿន ដាវីន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ ជាងធ្វើធ្មេញសិប្បនិម្មិត មានទីលំនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ចំណែកជនសង្ស័យចំនួន០៤នាក់ ទី១/ឈ្មោះ រ៉ា ពិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទី២/ឈ្មោះ រ៉ុម វុដ្ឋា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី៣/ឈ្មោះ ឌី ប៊ុនណា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី៤/ឈ្មោះ ធី គីមហេង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ឃាត់ខ្លួននៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី០៨ ខែកញ្ញាឆ្នាំ២០២៤ ត្រង់ចំណុចផ្លូវបេតុង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាក HONDA SCOOPY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ១JP-1732លេខតួ និងលេខម៉ាស៊ីន8109163 ចំនួន០១គ្រឿង (មធ្យោបាយធ្វើសកម្មភាព)។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង៣រសៀល ជនរងគ្រោះចំនួន០២នាក់ ជាបងប្អូនបង្កើតភ្លោះនឹងគ្នាបានជិះម៉ូតូ០១គ្រឿងម៉ាក HONDA SCOOPY ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១KR-០៤០៨ចេញពីផ្ទះស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងគោលបំណងទៅកាត់សក់នៅម្ដុំស្តុបថ្នល់បត់ ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពេលជនរងគ្រោះជិះម៉ូតូឌុបគ្នាមកដល់ចំណុចផ្លូវបេតុង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា១០នាក់ ជិះម៉ូតូ០៤គ្រឿង មិនស្គាល់ម៉ាក បានធ្វើសកម្មភាពយកជើងធាក់ដៃចង្កូតម៉ូតូរបស់ជនរងគ្រោះបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូ ហើយក្រុមជនសង្ស័យក៏បានយកដុំឥដ្ឋ គប់មកលើជនរងគ្រោះ និងយកមួកសុវត្ថិភាព វាយទៅលើម៉ូតូជនរងគ្រោះទាំងពីរនាក់ បណ្តាលឲ្យជនរងគ្រោះឈ្មោះ នឿន ដាវីត រងរបួសបែកក្បាលផ្នែកខាងក្រោយ និងឈ្មោះ នឿន ដាវីន រងបួសដាច់រលាត់លើកែងដៃខាងឆ្វេង,កែងជើងខាងឆ្វេង និងពកក្បាលផ្នែកខាងមុខ និងបណ្តាលឱ្យខូចម៉ូតូផ្នែកខាងមុខ និងផ្នែកចំហៀងទាំងសងខាង រួចក្រុមជនសង្ស័យក៏បានបើកម៉ូតូគេចខ្លួនបាត់ ហើយជនរងគ្រោះក៏បានទូរសព្ទប្រាប់ម្ដាយបង្កើតឲ្យបានដឹង ។ បន្ទាប់មកជនរងគ្រោះក៏បានទៅព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកដង្កោ ដេររបួសក្បាលចំនួន០៦ថ្នេរ ហើយឈ្មោះ សន យ៉ាត ក៏បាននាំជនរងគ្រោះមករាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ និងដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកក្រុមជនសង្ស័យយកមកធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់ ។

លុះដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៤និង៣០នាទី សមត្ថកិច្ច បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យដែលជាអ្នកធ្វើសកម្មភាពចំនួន០២នាក់ ទី១/ឈ្មោះ ឌី ប៊ុនណា ភេទប្រុស អាយុ១៦ឆ្នាំ ទី២/ឈ្មោះ ធី គីមហេង ភេទប្រុស អាយុ១៦ឆ្នាំ ត្រង់ចំណុចផ្លូវបេតុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយនៅវេលាម៉ោង១៥ និង០០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យជាបក្ខពួកម្នាក់ទៀតឈ្មោះ រ៉ា ពិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ ត្រង់ចំណុចផ្លូវបេតុង ស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

លុះដល់វេលាម៉ោង១៦និង៣០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចក៏បានបន្តធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ទៀតឈ្មោះ រ៉ុម វុដ្ឋា ភេទប្រុស អាយុ១៦ឆ្នាំ ត្រង់ចំណុចរោងកម្មករស្នាក់នៅ ផ្លូវលំ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវិធីច្បាប់។

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកខ្លួន (ជនសង្ស័យ) និងបក្ខពួកចំនួន០៦នាក់ទៀត ទី០១ឈ្មោះ ទួន ផារិន ភេទប្រុស អាយុ១៧ឆ្នាំ ទី០២ឈ្មោះ មាស ភេទប្រុស អាយុ១៧ឆ្នាំ ទី០៣ឈ្មោះ ហេង ភេទប្រុស អាយុ១៧ឆ្នាំ ទី០៤ឈ្មោះ វិច ភេទប្រុស អាយុ១៥ឆ្នាំ ទី០៥ឈ្មោះ រ៉ុង ភេទប្រុស អាយុ១៥ឆ្នាំ ទី០៦ឈ្មោះ សាល ភេទប្រុស អាយុ១៧ឆ្នាំ (គេចខ្លួន) ពិតជាបានជិះម៉ូតូចំនួន០៤គ្រឿង ទី០១ម៉ូតូម៉ាកHONDA SCOOPY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ១JP-1732លេខតួ និងលេខម៉ាស៊ីន8109163 ទី០២ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1JO-1017 ទី០៣ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌លាយខៀវ ពាក់ផ្លាកលេខភ្នំពេញ1KJ-5919 ទី០៤ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌សលាយក្រហម ពាក់ផ្លាកលេខភ្នំពេញ1KE-4896 ឌុបគ្នាមកធ្វើសកម្មភាព ធាក់ដៃចង្កូតម៉ូតូរបស់ជនរងគ្រោះបណ្តាលឱ្យដួល រួចយកមួកសុវត្ថិភាព, ដុំឥដ្ឋ វ៉ៃ និងគប់ទៅលើជនរងគ្រោះទាំងពីរនាក់បណ្តាលឱ្យរងរបួសប្រាកដមែន។

បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យ ហើយមានការសម្របសម្រួលពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង ៕ អែលវិចិត្រ +មេសា

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS