ព័ត៌មានជាតិ

សាហាវណាស់! ហក់ទឹករត់គេចពីការដេញកាប់សម្លាប់របស់ក្មេងទំនើង ចុងក្រោយលង់ស្លាប់ម្នាក់ ម្នាក់ទៀតមិនអី សមតកិច្ចឃាត់ខ្លួនបានជនដៃដល់៣នាក់

11-Sep-2024 400 views

ខេត្តបាត់ដំបង ៖ ពិតជាសាហាវមែន ក្រុមក្មេងទំនើងបើកឆាកតាមប្រមាញ់ កាប់ប្រហារទៅលើយុវជន២នាក់ ម្នាក់ហក់ចូលក្នុងស្រះទឹក រហូតលង់លិចបាត់ខ្លួន ទម្រាំរកឃើញស្លាប់ទៅហើយ ខណ​ៈម្នាក់ហែលទឹកឡើងគោកបាន គេចផុតពីក្រញ៉ាំមច្ចុរាជ ខណៈជនសង្ស័យ៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ក្រោយរត់គេចខ្លួន ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៤០នាទី ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចស្រះទឹកមួយកន្លែងក្នុងបុរីត្នោតជួរ ស្ថិតក្នុងភូមិជំនីក​ ឃុំអន្លង់វិល​ ស្រុកសង្កែ ខេត្តបាត់ដំបង​។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ​ នា​ ចំណាន ភេទប្រុស អាយុ១៧ឆ្នាំ និងឈ្មោះ​ ឃឿត សាវ៉ុង ហៅ ទេព សាវ៉ុង ភេទប្រុស អាយុ១៥ឆ្នាំ បានជិះម៉ូតូដឹកគ្នាមកមើលគេលេងបាល់នៅចំណុចទីតាំងខាងលើ ក្រោយមកក៏មានជនសង្ស័យមានគ្នា០៣នាក់ ប្រដាប់ដោយកាំបិតខ្វែវនិងបំពង់ទីប បានជិះម៉ូតូ០១គ្រឿង មកធ្វើសកម្មភាពដេញកាប់ និងវាយទៅលើជនរងគ្រោះ ហើយជនរងគ្រោះក៏បានជិះម៉ូតូដឹកគ្នារត់រហូតដល់ផ្លូវទាល់ ក៏បានទុកម៉ូតូចោល រួចនាំគ្នារត់ហក់ចូលទឹកស្រះ បន្ទាប់មកក្រុមជនសង្ស័យបានធ្វើសកម្មភាពវាយទៅលើម៉ូតូបណ្តាលអោយបែកអាវទាំងសងខាងនិងបែកកុងទ័រផ្នែកខាងលើក្បាលផងដែរ ហើយក្រោយធ្វើសកម្មភាពក្រុមជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់។ ក្នុងករណីនេះ បានបណ្តាលឲ្យជនរងគ្រោះម្នាក់​ ឈ្មោះ ឃឿត​ សាវ៉ុង​ ហៅ ទេព សាវ៉ុង ស្លាប់ ដោយសារលង់ទឹកគេចពីការដេញកាប់សម្លាប់ ខណៈម្នាក់ទៀត ហែលទឹកឡើងគោកបាន ។

លុះនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ សាកសព ត្រូវបានក្រុមជំនាញរកឃើញនិងស្រង់ចេញពីទឹកស្រះ។ ខណៈជនសង្ស័យទាំង០៣នាក់ត្រូវបានឃាត់ខ្លួនអនុវត្តតាមនីតិវិធី រួមមាន ៖

០១. ឈ្មោះ​ ហឿត​ ឡៃហៀង​ ហៅ​ ខ្យង់​ ភេទប្រុស​ អាយុ១៦ឆ្នាំ​ មានទីលំនៅភូមិជំនីក​ ឃុំអន្លង់វិល​ ស្រុកសង្កែ​ ខេត្តបាត់ដំបង​។

០២.ឈ្មោះ​ ស្រស់​ សុវណ្ណា​ ភេទប្រុស​ អាយុ១៦ឆ្នាំ​ ​មានទីលំនៅភូមិជំនីក​ ឃុំអន្លង់វិល​ ស្រុកសង្កែ​ ខេត្តបាត់ដំបង​។

០៣. ឈ្មោះ​ ខុន​ សុខេន​ ភេទប្រុស​ អាយុ១៦ឆ្នាំ​ ​មានទីលំនៅភូមិរូងជ្រៃ ឃុំខ្នារមាស ស្រុកបវេល ខេត្តបាត់ដំបង​។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវីធីច្បាប់ ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS