រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ វ័យចំណាស់ទៅហើយ តែសកម្មខាងធ្វើសកម្មភាព លួចរថយន្តរបស់ប្រជាពលរដ្ឋចំនួន ០២គ្រឿង ក្នុងភូមិសាស្រ្ត សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ក្រាបបាន ។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី ០៤ និង ០៧ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងភូមិសាស្រ្ត សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណី បាត់រថយន្តចំនួន ០២គ្រឿង បង្កឡើងដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព លួចយកទៅ ដោយរថយន្តទី១ ម៉ាក HYUNDAI STAREX ពណ៌ស ផលលិតឆ្នាំ២០០៨ ពាក់ផ្លាកលេខ ព្រះសីហនុ 2C-2688 ត្រូវបានលួចយកទៅ កាលពីថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវបេតុង បុរីញូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ,រថយន្តទី២ ម៉ាក TOYOTA TAKOMA ពណ៌ទឹកប្រាក់ ឆ្នាំផលិត២០០២ ពាក់ផ្លាកលេខ ភ្នំពេញ 2AA-1149 ត្រូវបានលួចយកទៅ នៅថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវបេតុង មុខផ្ទះគ្មានលេខ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្រោយមក ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៩ និង ០០នាទី ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ ភេទប្រុស ជនជាតិចិន នៅចំណុចលើផ្លូវបេតុង ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ និងធ្វើការដកហូតបានវត្ថុតាង រថយន្តទាំង ០២គ្រឿង ដែលជារបស់ជនរងគ្រោះ យកមកការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ដើម្បីបន្តនីតិវិធី ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង ០២នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ DAI JINSHU ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិចិន មុខរបរ ពាណិជ្ជករ មានទីលំនៅ បុរីញូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
-សម្ភារបាត់បង់៖ រថយន្ត ០១គ្រឿង ម៉ាក HYUNDAI STAREX ពណ៌ស ផលលិតឆ្នាំ២០០៨ ពាក់ផ្លាកលេខ ព្រះសីហនុ 2C-2688 ។
២-ឈ្មោះ លី ហេង ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ យោធា មានទីលំនៅ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
-សម្ភារបាត់បង់៖ រថយន្ត ០១គ្រឿង ម៉ាក TOYOTA TAKOMA ពណ៌ទឹកប្រាក់ ឆ្នាំផលិត២០០២ ពាក់ផ្លាកលេខ ភ្នំពេញ 2AA-1149 ។
ចំណែកជនសង្ស័យឈ្មោះ ZHANG JUN ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅ សណ្ឋាគារ TONG HU បន្ទប់លេខ 888 ជាន់ទី៤ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្នុងនោះ វត្ថុតាងចាប់យកបាន៖
-រថយន្ត ០២គ្រឿង ដែលជារបស់ជនរងគ្រោះ ៖
១-ម៉ាក HYUNDAI STAREX ពណ៌ស ផលលិតឆ្នាំ២០០៨ ពាក់ផ្លាកលេខ ព្រះសីហនុ 2C-2688
២-ម៉ាក TOYOTA TAKOMA ពណ៌ទឹកប្រាក់ ឆ្នាំផលិត២០០២ ពាក់ផ្លាកលេខ ភ្នំពេញ 2AA-1149 ។
-ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក IGOO ពណ៌ ផ្ទៃមេឃ ។
ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ អែល វិចិត្រ
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS