រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ នាយកដ្ឋានព័ត៌មាន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៤ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធសពសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល នៅគេហដ្ឋាននៃសព ស្ថិតនៅផ្ទះលេខ៨៣ ផ្លូវសុកហុក (១០៧) កែងនឹងវិថីហ្សូសិបប្រូសទីតូ (២១៤) សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សូមជម្រាបថា សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ និងជាអនុប្រធានកាកបាទក្រហមកម្ពុជា បានទទួលមរណភាពនៅវេលាម៉ោង ៨និង៣៥នាទីព្រឹក ថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៩៤ ឆ្នាំ ដោយជរាពាធ។
សូមជម្រាបថា សម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី សម្តេចបានរួមដង្ហែព្រះរាជសកម្មភាព ព្រះមហាក្សត្រ២រជ្ជកាល គឺរួមដង្ហែជាមួយអតីតព្រះមហាក្សត្រ អង្គព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ និង ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន។
សពសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល បានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន ព្រមទាំងបានរៀបចំពិធីតាមបែបសាសនា នៅគេហដ្ឋាននៃសព និងដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ គណៈប្រតិភូតាមបណ្តាក្រសួងស្ថាប័ន ជាបន្តបន្ទាប់ នៅគេហដ្ឋាននៃសព ស្ថិតនៅផ្ទះលេខ៨៣ ផ្លូវសុកហុក (១០៧) កែងនឹងវិថីហ្សូសិបប្រូសទីតូ (២១៤) សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS