ព័ត៌មានជាតិ

សិស្សថ្នាក់ទី៤ម្នាក់ ម៉ោងចេញលេង ដោះស្បែកជើង ដើរតាមជម្រាលថ្មមាត់ស្ទឹងចាប់កូនត្រីតូចៗ រអិលជើងលង់លិចបាត់ខ្លួន ផ្អើលអ្នកភូមិចុះរាវ ទម្រាំឃើញស្លាប់ទៅហើយ

04-Sep-2024 276 views

ខេត្តកណ្តាល៖ មានការភ្ញាក់ផ្អើលខ្លាំងមួយបានកើតឡើងទាំងព្រឹកព្រលឹម ខណៈសិស្សសាលាអាយុ ១២ឆ្នាំម្នាក់ ម៉ោងចេញលេង បានដើរចុះតាមជម្រាលថ្មមាត់ស្ទឹង ដោយបានដោះស្បែកដាក់នៅក្បែរមាត់ទឹក ហើយបានចាប់កូនត្រីតូចៗដែលហែលមកក្បែរច្រាំងថ្ម បែរជារអិលជើងធ្លាក់ចូលទឹកហើយលង់តែបាត់តែម្តង ផ្អើលប្រជាពលរដ្ឋជាច្រើននាក់ ចុះរាវរក តែអកុសលទម្រាំរកឃើញ គឺស្លាប់ទៅហើយ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩:១០នាទី ព្រឹកថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ២០២៤ ចំណុចស្ទឹងក្រោយវត្តខ្ពបអណ្តែត ហៅវត្តក្របៅ ភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

តាមរបាយការណ៍ពីសមត្ថកិច្ចដែល VITHEY NEWS ទទួលបាន បានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ គៀង ថារី ភេទប្រុស អាយុ១២ឆ្នាំ ជាសិស្សថ្នាក់ទី៤"ក" នៃសាលាបឋមសិក្សាក្របៅ សព្វថ្ងៃរស់នៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងរកឃើញ ស្បែកជើងផ្ទាត់ពណ៌ខៀវ មួយគូរ ។

 តាមការបំភ្លឺរបស់បងប្អូនប្រជាពលរដ្ឋដែលនៅក្បែរនិងបានអោយដឹងថា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង៩និង១០នាទី ជនរងគ្រោះបានចេញលេងហើយបានដើរមកក្រោយ សាលាឆាន់ ហើយបានចុះតាមជម្រាលថ្មមាត់ស្ទឹងដោយបានដោះស្បែកដាក់នៅក្បែរមាត់ទឹក ហើយបានចាប់កូនត្រីតូចៗដែលហែលមកក្បែរច្រាំងថ្ម ពេលនោះរអិលជើងក៏ធ្លាក់ចូលទឹកហើយលង់តែបាត់តែម្តង បន្ទាប់មកប្រជាពលរដ្ឋដែលឃើញ បានស្រែកនាំគ្នាអោយជួយ ដែលចេះហែលទឹក អោយចុះជួយពេលនោះ បាននាំគ្នាចុះរាវរកជនរងគ្រោះដល់ម៉ោង១០និង៤០នាទីថ្ងៃខែដដែល ទើបរាវរកសពជនរងគ្រោះឃើញ បានស្រង់ឡើងលើគោក ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។បន្ទាប់មកក៏រាយការណ៍ទៅសមត្ថកិច្ចផ្នែកជំនាញចុះមកពិនិត្យ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញមូលដ្ឋាន មានទាំងនគរបាលជំនាញផ្នែកកោលស្យវិច័យ បានចុះមកធ្វើការពិនិត្យសព ដោយបញ្ជាក់ថា សភាពសព ខ្លួនមានដី ពោះមានទឹក ដងខ្លួន អវៈជីវៈក្រៅពីនិង ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ សន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារក្មេងលង់ទឹក និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ នុច

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS