ខេត្តព្រះសីហនុ ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោង២២ និង ១០នាទីយប់ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋបានរាយការណ៍មកថា៖ នៅចំណុចមុខសណ្ឋាគារ សមុទ្រខៀវ ស្ថិតក្នុង សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ មានជនជាតិចិនចំនួន ០២ក្រុម បានផ្ទុះអាវុធជាច្រើនគ្រាប់បណ្ដាលឲ្យមនុស្សចំនួន ០៣នាក់ (ជនជាតិចិន ២នាក់ និងខ្មែរ ១នាក់) រងរបួស និងបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាកម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចុះទៅដល់ទីតាំងកន្លែងកើតហេតុភ្លាម ដោយជនសង្ស័យបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។
បន្ទាប់មក កម្លាំងសមត្ថកិច្ច បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតដល់វេលាម៉ោង ០២ និង០០នាទីយប់ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចសណ្ឋាគារមួយកន្លែង ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ កម្លាំងសមត្ថកិច្ច បានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ភេទប្រុស ជនជាតិចិន ព្រមទាំងដកហូតបានអាវុធខ្លីចំនួន ០១ដើម និងបានយកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសួរនាំតាមនីតិវិធី។
ក្នុងហេតុការណ៍នោះបណ្តាលឲ្យមានអ្នករងរបួសមានចំនួន ០៣នាក់ (ខ្មែរមួយនាក់។ និងជនជាតិចិន២នាក់) និងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យឯកជន។
ដោយឡែកជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ ZHANG TAO ភេទប្រុស ជនជាតិចិន អាយុ៤៣ឆ្នាំ មុខរបរ បោះដុំគ្រឿងអគ្គិសនីពីចិន មានទីលំនៅ ខណ្ឌពោធិ៍ចិនតុង រាជធានីភ្នំពេញ ដកហូតវត្ថុតាងរួមមាន៖
-អាវុធខ្លី ០១ដើម ម៉ាក ZORAKI MOD 914-TD មានលេខសម្គាល់ ZRCWI02 1903-00358, បង់០១ មាន ០៨គ្រាប់(ប្រភេទ380) និងប្រដាប់ខ្ទប់សម្លេង ១។
-រថយន្ដ ១គ្រឿង ម៉ាក LAND CRUISER ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2C-9898 ។
បន្ទាប់ពីសួរនាំបឋម ពីឈ្មោះ JIANG KUNZHENG ភេទប្រុស ជនជាតិចិន បានឱ្យដឹងថាៈ ករណីនេះកើតឡើងដោយសារភាគីទាំង០២ ឈ្លោះប្រកែកពាក្យសម្តីគ្នា និងស្រវឹងស្រា បង្កជាជម្លោះហិង្សា រហូតដល់ ផ្ទុះអាវុធកើតឡើង។
ចំពោះករណីខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងធ្វើការសាកសួរតាមនីតិវិធី ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS