ខេត្តមណ្ឌលគិរី ៖ យោងតាមផេកផ្លូវការរបស់ អគ្កស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី សម្របសម្រួលនីតិវិធីដោយ លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១០និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាល ក្រុងសែនមនោរម្យ សហការជាមួយ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះពិនិត្យ ដកហូត អប់រំណែនាំ និងកិច្ចសន្យាបញ្ឈប់ការជួញដូរបារីអេឡិចត្រូនិច នៅចំណុចហាងកាហ្វេយីហោ ៨១ របស់ឈ្មោះ ហាក់ លក្ខ័វណ្ណ ស្ថិតនៅភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានលោកពេជ្រ ស៊ីនឿន ក្រុមប្រឹក្សាសង្កាត់ និងលោកស្រី រាជ ផល្លី មេភូមិកណ្តាល។
ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញបានធ្វើកិច្ចសន្យាអប់រំម្ចាស់ទីតាំងឱ្យបញ្ឈប់ការជួញដូរបារីអេឡិចត្រូនិច ចំនួន ០១នាក់ និងដកហូតយកសម្ភារៈវត្ថុតាងមានដូចខាងក្រោម ៖
ទី១-ឈ្មោះ ហាក់ លក្ខ័សុវណ្ណ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ដូរ មានទីលំនៅបណ្ដោះអាសន្នភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ បានធ្វើតេស្តរកសាធាតុញៀនក្នុងទឹកម៉ូតជាលទ្ធផល អវិជ្ជមាន(-)។ បានចាប់យកសម្ភារៈវត្ថុតាងរួមមាន ៖
១.បារីអាឡិចត្រូនិច ចំនួន ០៣គឿង ។
២.ក្បាលបារីអេឡិចត្រូនិច មានទឹកថ្នាំ ម៉ាក Yooz ចំនួន ១២ប្រអប់ ស្មើនឹង ២៤គ្រឿង ។
ករណីនេះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ បានធ្វើការអប់រំណែនាំជនសង្ស័យខាងលើ ឱ្យបញ្ឈប់ការជួញដូរ និងប្រើប្រាស់បារីអេឡិចត្រូនិចបន្តទៀត ចំណែកវត្ថុតាង បានប្រគល់អោយសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការតាមនីតិវិធី៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS