ព័ត៌មានជាតិ

ទិដ្ឋភាពបុណ្យសពរបស់នគរបាលដែលត្រូវជនល្មើសចាក់ស្លាប់ ខណៈម្តាយដួលសន្លប់បញ្ជូនទៅមន្ទីរពេទ្យ ឪពុកនិងប្អូនៗវិញទ្រហ៊ោយំមិនអាចទទួលយកបាន..

30-Aug-2024 366 views

រាជធានីភ្នំពេញ​៖ ប្រជាពលរដ្ឋជាច្រើន នៅលើបណ្តាញសង្គម បានបង្ហាញនូវភាពសោកស្តាយជាពន់ពេក និងអរគុណណាស់ សម្រាប់ការបំពេញភារកិច្ចការពារប្រជាពលរដ្ឋ ហើយក៏សូមចូលរួមរំលែកទុក្ខ និងគោរពចំពោះការពលីជីវិត របស់មន្ត្រីនគរបាលប៉ុស្តិ៍បឹងកេងកងទី២ ដែលពលីជីវិតក្នុងប្រតិបត្តិការ បង្ក្រាបជនសង្ស័យ រហូតត្រូវជនសង្ស័យចាក់ស្លាប់ ។

ទិដ្ឋភាពនៅផ្ទះ ខណៈសាកសពត្រូវបានប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី នៅវេលាម៉ោង៩យប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ លោកពូជាឪពុក បានរៀបរាប់ទាំងអួលដើមកថា គាត់សោកស្តាយកូនរបស់គាត់ណាស់ កូនរបស់គាត់ឈ្មោះ សៅ រក្សា អាយុខ្ទង់៣០ឆ្នាំ បម្រើការងារជានគរបាលប៉ុស្តិ៍បឹងកេងកងទី២.. គាត់មានកូនប្រុសស្រីតែ២នាក់ ឥលូវមកស្លាប់ម្នាក់ទៀត សល់តែកូនស្រីម្នាក់។ រីឯអ្នកមីងជាម្តាយរបស់ លោក សៅ រក្សា វិញ គ្រាន់តែទទួលសពកូនយកមកធ្វើបុណ្យភ្លា ស្លុតស្មារតីដួលសន្លប់ផងដែរ ដោយសារមិនអាចទទួលយកបាន ត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ប្អូនស្រីរបស់ជនរងគ្រោះបានរៀបរាប់ថា ដូចមានប្រថ្នូល តាមធម្មតា តាំងពីកើតមក បងប្រុសរបស់គាត់ មិនដែលជូនគាត់ជាប្អូនទៅផ្សារនោះទេ ស្រាប់តែមុនពេលកើតហេតុ គាត់បានជូនប្អូនស្រីទៅផ្សារទៅទិញម្ហូប មកធ្វើហូបជុំគ្នា រួចក៏មានទូរសព្ទតេចូល ថាមានករណីជនសង្ស័យបែកថ្នាំញៀន កាន់កាំបិត បងរបស់គាត់ក៏ចុះទៅ បែរជាស្លាប់បែបនេះទៅវិញ .. ។

លោក វុឌ្ឍ ផូសារវ័ន្ត អធិការនគរបាលខណ្ឌបឹងកេងកង ក៏បានបញ្ជាក់ឲ្យថា ចំពោះករណីនេះ ជាការវ៉ាក់អើនឹងគ្នា ណាមួយសមត្ថកិច្ចលោកចិត្តធ្ងន់ណាស់ ដែលមានកាំភ្លើងក្នុងដៃ តែមិនដាច់ចិត្តបាញ់ ធម្មតាអាជ្ញាធរមានសមត្ថកិច្ចមិនមែនចេះតែបាញ់ផ្តេសផ្តាសទេ ទោះបីជាជននោះមានបញ្ហាសតិអារម្មណ៍ សតិមិនគ្រប់ បែកថ្នាំអីក៏ពិតមែន តែក្នុងនាមនគរបាលគឺចិត្តធ្ងន់ណាស់ ហើយលោកក៏ពិបាកទទួលយកដែរ នៅពេលបាត់បង់កូនចៅជាទីស្រលាញ់ ដែលបានពលី លះបង់ជីវិត ការពារបុព្វហេតុជាតិ ការពារប្រជាពលរដ្ឋ បែបនេះ ពិសេសលោកក៏សូមណូមពរដល់អ្នកលេងបណ្តាញសង្គម ចំពោះរូបភាពជនរងគ្រោះដេកក្នុងថ្លុកឈាម បើអាចសូមកុំយកមកបង្ហោះដោយគ្មានការបិទបាំងអី ព្រោះជាក្រមសីលធម៌ ណាមួយក៏ប៉ះពាល់ដល់សតិអារម្មណ៍របស់ក្រុមគ្រួសារនៃសព ។

ទន្ទឹមនឹងនោះ ក៏មានបងប្អូនប្រជាពលរដ្ឋជាច្រើន ចង់ចូលបុណ្យសពជូនមន្ត្រីនគរបាលដែលបានពលីជីវិតខាងលើ លោកពូជាឪពុកបញ្ជាក់ថា បើចង់ចូលបុណ្យ អាចខលតាមទូរសព្ទ 016 654771 /. 077 84 87 81 ៕ នុច

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS