រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលខ្លាំង ខណៈមន្ត្រីនគរបាលប៉ុស្តិ៍បឹងកេងកងទី២ ម្នាក់ ពលីជីវិត ចុះបង្ក្រាបករណីបុរសម្នាក់ បែកថ្នាំញៀន បានយកកាំបិត កាន់កាំបិតជាប់ដៃ រកចាក់ទៅលើគេឯងតាមផ្លូវ បែរជាត្រូវជនដៃដល់ជាមនុស្សបែកថ្នាំនោះ ចាក់ប្រហារនឹងកាំបិត ទោះបីជាសមត្ថកិច្ចកាំភ្លើងក្នុងដៃក៏មិនដាច់ចិត្តបាញ់ សុខចិត្តស្រវ៉ាចាប់ រហូតដេកដួលក្នុងថ្លុកឈាមរហូតស្លាប់ ចំណែកជនដៃដល់ ដណ្តើមកាំភ្លើងបាន ដកបាញ់តដៃជាមួយសមត្ថកិច្ចផ្សេងទៀតដែលចុះទៅបង្ក្រាប រហូតចុងក្រោយ ត្រូវបានលោកអធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌបឹងកេងកង ប្រថុយ១ស្មើរ ប្រើសិទ្ធិស្វ័យការពារខ្លួន បាញ់តដៃ១ស្មើរជាមួយជនដៃដល់ រហូតចំជនដៃដល់ ស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ ។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅចំណុច ផ្លូវលេខ៣០៤ មុខផ្ទះលេខ៩០ ភូមិ២ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អៀង ជលសារ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះលេខ៨២អឺ១ ផ្លូវលេខ៣០៤ ភូមិ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ចំណែកសាកសពជនរងគ្រោះ មាន ឈ្មោះ សៅ រក្សា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនគរបាលនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកង២ ឋានន្តរសក្តិអនុសេនីយ៍ត្រី តួនាទីមន្ត្រី ទីលំនៅផ្ទះលេខ៤ ផ្លូវលេខ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ជនរងគ្រោះត្រូវបានជនសង្ស័យចាក់ត្រូវដើមទ្រូង រួចជនសង្ស័យបានយកកាំភ្លើងជនរងគ្រោះបាញ់មកលើសមត្ថកិច្ច ត្រូវបានសមត្ថកិច្ចនគរបាលចុះបង្ក្រាបផ្ទុះអាវុធត្រូវបណ្ដាលឲ្យស្លាប់
ក្នុងនោះ វត្ថុតាងដែលសមត្ថកិច្ចប្រមូលនៅទីតាំងកើតហេតុ មាន៖ កាំភ្លើងខ្លី១ដើមម៉ាកK59 , គ្រាប់កាំភ្លើងចំនួន៤គ្រាប់, សំបកគ្រាប់កាំភ្លើងចំនួន១, ក្បាលគ្រាប់ចំនួន១, ស្រោមកាំភ្លើង១, កាំបិតចុងស្រួច១ ។
សមត្ថកិច្ចបានឲ្យដឹងថា ដំបូងឡើយ មានប្រជាពលរដ្ឋផ្ដល់ដំណឹងមកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកង២ថា ជនសង្ស័យមានសភាពបែកថ្នាំ កំពុងអុកឡុកនៅក្នុងផ្ទះ ទើបជនរងគ្រោះជានគរបាល និងនគរបាលប៉ុស្តិ៍ចំនួន២នាក់ទៀត បានចុះទៅដល់កន្លែងកើតហេតុ ហើយជនសង្ស័យបានកាន់កាំបិតចុងស្រួចរត់ចូលទៅចាក់ត្រូវជនរងគ្រោះចំដើមទ្រូងខាងឆ្វេង រួចជនសង្ស័យបានយកកាំភ្លើងរបស់ជនរងគ្រោះមកកាន់ជាប់នឹងដៃ, ហើយក៏មានសមត្ថកិច្ចនគរបាលមកឡោមព័ទ្ធជនសង្ស័យ យកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយជនសង្ស័យបានកាន់កាំភ្លើងបាញ់សំដៅរកសមត្ថកិច្ច ទើបត្រូវសមត្ថកិច្ចផ្ទុះអាវុធទៅលើជនសង្ស័យបណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ, ចំណែកជនរងគ្រោះត្រូវបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដោយសភាពសពមានស្នាមកោសដាច់ស្បែកនៅចុងចិញ្ចើមខាងឆ្វេង ស្នាមរបួសដាច់រយះនៅដើមទ្រូងខាងឆ្វេងពីខាងក្រោមដោះជម្រៅ៥,៥ស.ម។
ក្នុងនោះ តាមការពិនិត្យនៅលើចិញ្ចើមផ្លូវលេខ៣០៤ ពីខាងមុខផ្ទះលេខ៩០ ឃើញមានសាកសពមនុស្សប្រុសម្នាក់ស្លាប់ផ្កាប់មុខ នៅប្រអប់ដៃខាងស្ដាំកាន់ជាប់កាំបិតចុងស្រួចដងជ័រពណ៌ខ្មៅ១ដើម ដោយកាំបិតប្រវែងសរុប៣០ស.ម ប្រវែងផ្លែ២០ស.ម ទទឹងផ្លែ៤ស.ម ប្រឡាក់ឈាម, នៅក្បែរខ្លួនសាកសពមានកាំភ្លេីងខ្លី១ដើមម៉ាកK59 ក្នុងកាណុងមានគ្រាប់១ ក្នុងបង់មានគ្រាប់ចំនួន២ នៅលើថ្នល់ចំងាយពីសាកសពប្រវែង២,២៣ម ឃើញមានសំបកគ្រាប់កាំភ្លើងខ្លី១ពណ៌ទង់ដែកទំហំ៩x១៩mm លេខគូទP.M.G 9mm LUGER, ឃ្លាតពីសំបកគ្រាប់ចំងាយ២,៧០m ឃើញមានក្បាលគ្រាប់កំពិត១, ឃ្លាតពីក្បាលគ្រាប់កំពិតចំងាយ៩,៥០ម ឃើញមានថ្លុកឈាម១កន្លែង(កន្លែងជនរងគ្រោះដួល), ឃ្លាតពីស្នាមឈាមចំងាយ២១ម ឃើញមានគ្រាប់កាំភ្លើងចំនួន១គ្រាប់ទំហំ៩x១៨mm លេខគូទS&S 9mmM គូទគ្រាប់មានស្នាមចុច ខណៈនៅកន្លែងកើតហេតុ រកឃើញ កាំភ្លើងខ្លី១ដើមម៉ាកK59, គ្រាប់កាំភ្លើងចំនួន៤គ្រាប់,សំបកគ្រាប់កាំភ្លើងចំនួន១,ក្បាលគ្រាប់ចំនួន១,ថ្លុកឈាម,កាំបិតចុងស្រួចប្រឡាក់ឈាម១។
ចំណែកសាកសពជនសង្ស័យ គ្មានពាក់អាវ ស្លៀកខោជើងខ្លី ពាក់ស្បែកជើងស៊កជ័រ សាកសពមានសភាពទន់, ខ្លួនប្រាណប្រឡាក់ឈាម និងដី មានស្នាមកោសរលាត់នៅផ្ទៃមុខចំហៀងខាងស្ដាំ , ស្នាមគ្រាប់ចូលនៅដើមទ្រូងខាងស្ដាំចំនួន១កន្លែងឆេះរោលរំសេវ បៀមក្បាលគ្រាប់, ស្នាមគ្រាប់ចូលនៅក្បាលជង្គង់ខាងស្ដាំផ្នែកខាងក្រៅ ធ្លាយចេញនៅក្បាលជង្គង់ខាងស្ដាំផ្នែកខាងក្នុង, ស្នាមគ្រាប់ចូលនៅកំភួនខាងឆ្វេងផ្នែកខាងក្រោយ ធ្លាយចេញនៅចុងភ្លៅខាងឆ្វេងផ្នែកខាងមុខ , ពិនិត្យទឹកនោមសាកសពវិជ្ជមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន និងអំហ្វេតាមីន។
ដូច្នេះតាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញយើងសន្និដ្ឋានបានថា សាកសពជនរងគ្រោះស្លាប់ដោយចាក់ត្រូវដើមទ្រូងខាងឆ្វេង ។ ចំណែកសាកសពជនសង្ស័យស្លាប់ដោយត្រូវគ្រាប់កាំភ្លើង ហើយសាកសពទាំង២នាក់ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ +មេសា
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS