ព័ត៌មានជាតិ

បុរសជនជាតិចិនម្នាក់ ប៉ុនប៉ងលោតសម្លាប់ខ្លួនលើស្ពានហង្សពេលយប់មិនសម្រេច បែរជាមកស្លាប់ដោយសារលង់ទឹកក្រោមស្ពានទៅវិញ

01-Feb-2024 337 views

រាជធានីភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរសជនជាតិចិនម្នាក់ ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនកាលពីយប់មិនបានសម្រេច លុះមកដល់ព្រឹកឡើង ចុះហែលទឹកលេងក្រោមស្ពាន ប៉ុន្តែបែរជាលិចលង់បាត់បង់ជីវិតភ្លាមៗ ។

ហេតុការណ៏បង្កភ្ញាក់ផ្អើល នាវេលាម៉ោង ០១ និង ២០នាទីរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ចំណុចក្រោមស្ពានហង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានជាជនជាតិចិន ភេទប្រុស អាយុជាង៣០ឆ្នាំ មិនស្គាល់អត្តសញ្ញាណច្បាស់ ។

តាមប្រភពពត៏មានពីសន្តិសុខ បានប្រាប់អោយដឹងថា កាលពីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បុរសដែលជាជនជាតិចិន បានដើរចេញពីខាងកោះនរា ដោយមានការសង្ស័យសន្តិសុខដែលយាម គល់ស្ពានបានជិះតាមរហូតមកដល់ចំណុចស្ពានហង្ស បុរសរូបនោះបម្រុងលោតទឹកសម្លាប់ តែត្រូវបានសន្តិសុខឃាត់ទាន់ និងបានដេញ បុរសជាជនជាតិចិនចេញពីទីតាំងលើ ។

រហូតមកដល់ព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១១ព្រឹក ក៏បានប្រទះឃើញ ជនរងគ្រោះកំពុងហែលទឹកលេង នៅក្រោមស្ពានហង្ស ភ្លាមៗអ្នករស់នៅខាងក្រោមស្ពានក៏មិនចាប់អារម្មណ៍ ស្មានតែគាត់ហែលទឹកលេង មួយសន្ទុះក្រោយមកក៏បុរសជនជាតិនោះបានលិចចូលទៅក្នុងទឹកបាត់ ខណៈនោះ អ្នករស់នៅក្រោមស្ពាមបាននាំគ្នា៤នាក់ចុះទៅធ្វើការរាវរក ទម្រាំតែឃើញ ជិត៣០នាទី ទើបរាវរកឃើញ យកជនរងគ្រោះទ្បើងមកលើគោក ។ ប៉ុន្តែជាអកុសល ជនជាតិចិននោះបានស្លាប់បាត់ទៅហើយ ទើបពួកគាត់សម្រេចរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានតែម្តង។

បច្ចុប្បន្នសពខាងលើ ត្រូវបានសមត្ថកិច្ចកំពុងធ្វើការត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ គឺស្លាប់ដោយករណីលង់ទឹកពិតប្រាកដមែន ។ និងបានយកសពតម្កល់នៅមន្ទីរពេទ្យ ខ្មែរមិត្តភាពសូវៀត រងចាំក្រុមគ្រួសារមកទទួលយកសាកសពយកទៅធ្វើបុណ្យ ៕ អត្ថបទដោយលោក៖ អែល មេសា

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS