ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាប្លន់ប្រជាពលរដ្ឋយ៉ាងសកម្មយកទ្រព្យសម្បត្តិ គេចខ្លួនបាន២១ ថ្ងៃ ត្រូវបានសមត្ថកិច្ចស្រុកបាទី ឃាត់ខ្លួនបាន ករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីគម្រាមកំហែង (ដោយប្រើប្រាស់អាវុធ) ។ នេះបើយោងតាមផេកផ្លូវការរបស់ អធិការដ្ឋាននគរបាលស្រុកបាទី ។
តួយ៉ាងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានបញ្ជាកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកបាទី ឃាត់ខ្លួនជនសង្ស័យឈ្មោះ វង្ស សុខណេង ភេទប្រុស អាយុ ១៨ឆ្នាំ ដែលធ្វើសកម្មភាពយកកំបិតចុងមុតស្រួចចំនួន ០១ដើម ភ្ជុងសម្លុតគម្រាមកំហែងយកប្រាក់ពីជនរងគ្រោះឈ្មោះ ញ៉ែម រស្មី ភេទស្រី អាយុ ២៨ឆ្នាំមានទីលំនៅភូមិព្រហូត ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ។
បន្ទាប់ពីរត់គេចអស់រយៈពេល ២១ ថ្ងៃមកនេះ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ អធិការដ្ឋាននគរបាលស្រុកព្រៃឈរ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ទើបកំណត់ទីតាំងដែលជនសង្ស័យរត់គេចខ្លួនបានទៅស្នាក់នៅឯស្រុកកំណើតស្ថិតនៅភូមិតាម៉ូត ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ វង្ស សុខណេង ភេទប្រុស អាយុ ១៨ឆ្នាំ ។
ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ។
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS