ខេត្តកណ្តាល ៖ រថយន្តមួយគ្រឿង បើកបរដោយជនជាតិចិន ខ្វះការប្រុងប្រយ័ត្ន បុកស្ពាន ឆេះរថយន្តយ៉ាងសន្ធោសន្ធៅតែម្ដង ផ្អើលប្រជាពលរដ្ឋ នាំគ្នាជួយមនុស្សយកមកក្រៅ រងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១ និង២០ នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ២១ គល់ស្ពានលេខ៥១ ស្ថិតក្នុងភូមិ -ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។
តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ មានរថយន្តម៉ាក MERCEDES S550 ពណ៌ខ្មៅ ប្រភេទគ្រួសារ ពាក់ផ្លាកលេខ ភ្នំពេញ2AT-8567 បើកបរដោយឈ្មោះ XU PENG ភេទប្រុស កើតថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ១៩៨៧ ជនជាតិចិន ស្នាក់នៅភ្នំពេញ បើកបរមានទិសដៅពីជើង ទៅត្បូង(តាខ្មៅ-សំពៅពូន) មានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលចង្កូតទៅនឹងគល់ស្ពានលេខ៥១ តែម្ដង។ ពេលនោះរថយន្តក៏បានឆេះភ្លាមៗ បន្ទាប់មកត្រូវបានរថយន្តពន្លត់អគ្គីភ័យរបស់អធិដ្ឋាននគរបាលស្រុកកោះធំបាញ់ពន្លត់រលត់ទាន់ពេលវេលា ជាងស្ថាពរ១០០%។
ដោយឡែក ចំពោះអ្នកបើកបររថយន្ត ត្រូវបានមិត្តភក្ដិដឹកយកទៅសង្គ្រោះរបួសនៅមន្ទីរពេទ្យ។ ខណៈសមត្ថកិច្ចបញ្ជាក់ថា ករណីនេះ បង្កឡើងដោយអ្នកបើកបររថយន្ត ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ជ្រុលចង្កូតទៅបុកនឹងគល់ស្ពាន ទើបឆាបឆេះតែម្ដង។
ចំពោះរថយន្ត ត្រូវបានសមត្ថកិច្ចចុះមកធ្វើការពិនិត្យវាស់វែង និងស្ទួចយកមធ្យោបាយមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តចាត់ការតាមនីតិវិធី ៕ អែល មេសា
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS