រាជធានីភ្នំពេញ ៖ អគ្គីភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ២ខ្នង យ៉ាងសន្ធោសន្ធៅទាំងព្រឹកព្រលឹម បង្ករឲ្យមានការភ្ញាក់ផ្អើល ដល់រថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ភ្លាមៗ ខណៈម្ចាស់ផ្ទះឃើញភ្លើងឆាបឆេះ ទ្រហ៊ោយំលើកដៃសំពះ ស្លុតអស់ស្មារតី ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញផ្ទះលក់ចាប់ហួយមួយកន្លែង កំពុងរៀបចំឥវ៉ាន់លក់ ពេលនោះ ក៏បានចាក់សាំងចូលដបសម្រាប់លក់ផងដែរ ចៃដន្យសំណាងមិនល្អ ស្រាប់តែបង្គាលភ្លើងមួយដើមនៅជាប់កន្លែងកើតហេតុ បានឆ្លងចរន្តអគ្គីសនីទុស្សេ ធ្លាក់ផ្កាភ្លើងចំកន្លែងដាក់សាំង បណ្ដាលឲ្យមានការឆាបឆេះ យ៉ាងសន្ធោសន្ធៅ ផ្អើលអ្នកជិតខាងនាំគ្នាយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ តែមិនរលត់ឆេះយ៉ាងសន្ធោសន្ធៅកាន់តែខ្លាំងឡើងៗ ធ្វើអោយប្រជាពលរដ្ឋពិបាកជួយក្នុងការពន្លត់ ក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីបន្តទាក់ទងទៅសមត្ថកិច្ចជំនាញអគ្គិភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់ ។
ក្នុងរង្វង់ប្រតិបត្តិការនេះ រថយន្តពន្លត់អគ្គិភ័យបានមកដល់ទីតាំងចំនួន១០គ្រឿង បានមកដល់ទីតាំងខាងលើ បាញ់ពន្លត់រហូតរលត់ជាស្ថាពរ និងបានបំផ្លាញផ្ទះអស់២ខ្នងទាំងស្រុង ។ ខណៈមូលហេតុពិតប្រាកដយ៉ាងណានោះ រង់ចាំសមត្ថកិច្ចជំនាញលោកស្រាវជ្រាវជាមុនសិន ៕មេសា