ព័ត៌មានជាតិ

ប្រទះឃើញសពលង់ទឹកស្លាប់ អាវុធហត្ថបើកការស៊ើបអង្កេត ធ្លាយចេញករណីឃាតកម្ម ចាប់ខ្លួនបាន២នាក់!

23-Aug-2024 257 views

ខេត្តកំពង់ឆ្នាំង៖ យោងតាមផេកផ្លូវការរបស់ មូលដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បន្តសាកសួរលើជនសង្ស័យ២នាក់បន្ថែម និងបានរកឃើញថា ករណីជនរងគ្រោះស្លា.ប់ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នោះ គឺដោយសារតែជនសង្ស័យម្នាក់ បានប្រើហឹង្សាលើជនរងគ្រោះ​បណ្តាលអោយស្លាប់ក្នុងទឹកស្រះ មិនមែនស្លាប់ដោយសារលង់ទឹកនោះទេ។

លោកវរសេនីយឯក ហង្ស សុជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានបញ្ជាក់អោយដឹងថា ដោយសារឯកឧត្តមព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ឆ្នាំង មានការសង្ស័យលើការស្លាប់របស់ជនរងគ្រោះឈ្មោះ ប្រាក់ សុមាលី ហៅជុយ អាយុ៦២ រស់នៅភូមិក្នុង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបានស្លាប់តាំងពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបានអោយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បើកការស៊ើបអង្កេតលើករណីនេះអោយបានច្បាស់លាស់។

ក្រោយការស៊ើបអង្កេតមកដល់ថ្ងៃទី២០ និង២១ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តមព្រះរាជអាជ្ញា និងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានស្រាវជ្រាវរកឃើញថា ការស្លាប់របស់ជនរងគ្រោះ មិនមែនស្លាប់ដោយការលង់ទឹកនោះទេ គឺស្លាប់ដោយការប្រើហឹង្សាពីជនសង្ស័យ ។

ក្រោយពីសាកសួរជនសង្ស័យទាំង២នាក់រួច ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានអោយកម្លាំងកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីចំណាត់ការតាមនីតិវិធី៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS