ខេត្តស្វាយរៀង៖ យុវជន៣នាក់ ជិះម៉ូតូក្នុងល្បឿនលឿន មិនប្រកាន់ស្តាំ បុករថយន្តក្រឡុកស៊ីម៉ង់ ពេញទំហឹង លាន់ដូចរន្ទះ កិនស្លាប់២នាក់ ភ្លាមៗយ៉ាងរន្ធត់បំផុត ខណៈម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៣៧/១៣៨ ក្នុងភូមិបន្ទាយ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ជនរងគ្រោះទាំង៣នាក់រួមមាន ៖
ទី១ឈ្មោះ ហង្ស បញ្ញា អាយុ១៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិប្រាសាទ សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង។
ទី២ឈ្មោះ ព្រាប បូរ៉ា អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិប្រាសាទ សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង។
ទី៣ឈ្មោះ ធឿន សុភាព អាយុ១៧ឆ្នាំ មុខរបរធ្វើការក្នុងម៉ាត បច្ចុប្បន្ននៅ ភូមិទួលពិល ឃុំស្វាយរំពារ ស្រុកស្វាយទាប (រងរបួសធ្ងន់ )។
ចំណែកអ្នកបើករថយន្តមានឈ្មោះ ឈួន វាសនា អាយុ៣០ឆ្នាំ មុខរបរបើកបរ បច្ចុប្បន្ននៅ ភូមិមៀន ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តស្វាយរៀង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុ គេបានឃើញរថយន្តក្រឡុកស៊ីម៉ង់ម៉ាក HOWO ពណ៌ស ពាក់ស្លាកលេខស្វាយរៀង 5A-2282 បើកបរពីរកើតទៅលិចលើផ្លូវជាតិលេខ១ លុះដល់ចំណុចកើតហេតុ ក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដា ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខស្វាយរៀង 1I-2368 បើកបរក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពីលិចទៅកើត ក្នុងល្បឿនលឿន មិនប្រកាន់ស្តាំ បុករថយន្តក្រឡុកស៊ីម៉ង់ពេញទំហឹង កិនស្លាប់២នាក់ ភ្លាមៗយ៉ាងរន្ធត់បំផុត ខណៈម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS