រាជធានីភ្នំពេញ ៖ មនុស្ស៣នាក់ បានរងរបួសធ្ងន់ស្រាល ខណៈត្រូវបានរថយន្តហាយឡែនឌ័រមួយគ្រឿង បុកសួនច្បារចែកទ្រូងផ្លូវ ហោះរំលងមកផ្លូវម្ខាងទៀត បុកម៉ូតូ២គ្រឿងទៀតកំពុងជិះ រួចមិនទាន់អស់ល្បឿន ជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋបន្ថែម ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅចំណុចផ្លូវលេខ ២១៧ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តហាយឡែនឌ័រមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-0573 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនខ្លាំង លុះដល់ចំណុចកើតហេតុ មិនដឹងយ៉ាងម៉េច ក៏បុកសួនច្បារចែកទ្រូងផ្លូវ ហោះរំលងមកផ្លូវម្ខាងទៀត បុកម៉ូតូ២គ្រឿងទៀត មួយគ្រឿងម៉ាកសង់សេ១២៥ មួយគ្រឿងទៀតម៉ាកធូដេ ដែលកំពុងជិះ បណ្តាលឲ្យមនុស្សចំនួន ៣នាក់ រងរបួសធ្ងន់ស្រាល រួចរថយន្តមិនទាន់អស់ល្បឿន ជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋបន្ថែម បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំតែម្តង ។ចំណែកអ្នកបើកបររថយន្ត ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចឃាត់បានផងដែរ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុ ទុកពេលឲ្យភាគីទាំងសងខាង ដោះស្រាយគ្នាមួយជំហ៊ានសិន បើមិនត្រូវគ្នាទេ នឹងប្រគល់ឲ្យសមត្ថកិច្ចដោះស្រាយតាមច្បាប់ ៕ អែល មេសា
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS