ព័ត៌មានជាតិ

បុគ្គលិកនៅផ្សារទំនើបអ៊ីអនម្នាក់ លាប្តីមកធ្វើការ ដូចលាមកឲ្យឡានកិនស្លាប់.. ទុកឲ្យប្តីទ្រហ៊ោយំបោកខ្លួន

21-Aug-2024 315 views

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ លាប្តីមកធ្វើការ ដូចជាលាគ្នាជារៀងរហូត ខណៈជិះមិនទាន់ដល់កន្លែងធ្វើការផង ត្រូវរថយន្តកិនស្លាប់យ៉ាងរន្ធត់ ម៉ូតូវិញខ្ទាតរាប់ម៉ែត្រឆ្ងាយពីសព ទុកឲ្យប្តីមកដល់ទ្រហ៊ោយំបោកខ្លួនមិនអាចទទួលយកបាន ឯងអើយ ម៉េចក៏ស្លាប់ចោលខ្ញុំ ម៉េចក៏ទេវតាមិនប្រណីយើង កូនយើងបានអ្នកណាជួយចិញ្ចឹម មើលថែទៀត ស្តាប់ហើយសង្វេគចិត្តយ៉ាងខ្លាំង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ​១ និង៥០ នាទីរសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នេះ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងព្រៃស ជិតស្តុបឬស្សីសាញ់ ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីរងគ្រោះឈ្មោះ សៀន ស្រីរ័ត្ន មានវ័យប្រមាណ ៣០ឆ្នាំ ជាបុគ្គលិកនៅផ្សារទំនើប អ៊ីអន មានទីលំនៅភូមិលៀប ឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត ខេត្តតាកែវ បានជិះម៉ូតូមួយគ្រឿង ម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AD -2580 ក្នុងទិសដៅពីលិចមកកើត ស្របជាមួយរថយន្ត និងម៉ូតូកង់បីឥណ្ឌាមួយគ្រឿងទៀត តាមបណ្តោយផ្លូវខាងលើ លុះដល់ចំណុចកើតហេតុ ម៉ូតូរបស់ស្ត្រីរងគ្រោះ វ៉ាជែងទាក់ដៃចង្កូត ដួលចូលក្រោមកង់រថយន្តសណ្តោងរម៉ក ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-7950 ចំហៀងខាងស្តាំ ផ្នែកខាងក្រោយ កិនស្ត្រីរងគ្រោះ ស្លាប់ភ្លាមៗយ៉ាងរន្ធត់បំផុត ម៉ូតូវិញខ្ទាតរាប់ម៉ែត្រឆ្ងាយពីសព ។ ចំណែកអ្នកបើកបររថយន្ត ប្រញាប់ចុះពីលើរថយន្តគេចខ្លួនបាត់តែម្តង ។

ភ្លាមៗគេឃើញ ប្តីមកដល់ទ្រហ៊ោយំបោកខ្លួនមិនអាចទទួលយកបាន ឯងអើយ ម៉េចក៏ស្លាប់ចោលខ្ញុំ ម៉េចក៏ទេវតាមិនប្រណីយើង កូនស្រីយើងបានអ្នកណាជួយចិញ្ចឹម មើលថែទៀត ស្តាប់ហើយសង្វេគចិត្តយ៉ាងខ្លាំង ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ សហការជាមួយនគរបាលចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែង បញ្ជាក់ថា បណ្តាលមកពីម៉ូតូបើកបរខ្វះការប្រុងប្រយត្ន័ និងយករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ អែល មេសា

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS