រាជធានីភ្នំពេញ ៖ មានករណីប៉ុនប៉ងឃាតកម្មមួយបានកើតឡើង ខណៈព្រះសង្ឃមួយអង្គ បានយកកាំបិតបុង័តោ កាប់ទៅលើនារីម្នាក់សុះក្បាលនិងមុខ ដេកស្តូកស្តឹងក្នុងថ្លុកឈាម រួចប្រញាប់គេចខ្លួនបាត់ កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ០៥ និង ៣០នាទី ទៀបភ្លឺ នៅចំណុចក្នុងវត្តថាន់ ផ្លូវព្រះនរោត្តម ស្ថិតនៅក្រុម៣៨ ភូមិ៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ករណីនេះ បង្កឡើងដោយជនសង្ស័យឈ្មោះ ហឿន វាសនា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាព ដោយប្រើកាំបិតបុ័តតោ កាប់ទៅលើជនរងគ្រោះឈ្មោះ សេង សេតម្ពរ ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅបណ្តោះអាសន្នជាមួយយាយដែលជាដូនជីក្នុងវត្តថាន់ ជាច្រើនកាំបិត បណ្តាលឲ្យជនរងគ្រោះដេកដួលក្នុងថ្លុកឈាមនៅកន្លែងកើតហេតុ បន្ទាប់ពីធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះរួច ជនសង្ស័យក៏បានយកទូរស័ព្ទដៃរបស់ជនរងគ្រោះ ០១គ្រឿង ម៉ាក IPHONE ពណ៌ស រួចរត់គេចខ្លួនបាត់ បណ្តាលឲ្យជនរងគ្រោះ រងរបួសធ្ងន់ ដាច់រយះក្បាលជាច្រើនកន្លែង ព្រមទាំងដាច់រយះចង្ការធ្ងន់ និង ដាច់រយះលើផ្ទៃបាតដៃ (កំពុងសង្គ្រោះបន្ទាន់មន្ទីពេទ្យព្រះអង្គឌួង) ។
ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក លី សុខហ៊ី ជាជំនួយការ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ បានចុះដឹកនាំកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានធ្វើការស្រាវជ្រាវធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដឹងថា ជនសង្ស័យបានទៅសម្ងំលាក់ខ្លួននៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដោយមានកិច្ចហសការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងកម្លាំងនាយកដ្ឋានច្រកទ្វារទី១ កម្លាំងសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង ១៧ និង ៣០នាទី ថ្ងៃដដែល ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យ នៅច្រកព្រំដែនកម្ពុជា-ថៃ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានយកទៅផ្សឹកនៅវត្តប៉ាឡិឡៃ រួចទើបបញ្ជូនបន្តមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានប្រើវិធានការជំនាញ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដោយចំណាយរយៈពេល ១២ម៉ោង ចាប់ឃាត់ខ្លួនបានជនសង្ស័យ បង្ក្រាបបានទាំងស្រុងក្នុងករណីនេះ ។
ជនសង្ស័យឈ្មោះ ហឿន វាសនា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅក្នុងវត្តថាន់ ផ្លូវនរោត្តម កុដ្ឋលេខ០៣ បន្ទប់លេខ២២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ចំណែក វត្ថុតាងចាប់យកបាន ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក IPHONE ពណ៌ស (ជារបស់ជនរងគ្រោះ)។
បន្ទាប់ពីធ្វើការសាកសួរ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ឃើញថា ករណីនេះកើតឡើងដោយ ការប្រច័ណ្ឌ ដោយជនរងគ្រោះ និងជនសង្ស័យបានស្រលាញ់គ្នាអស់រយៈពេល ០២ឆ្នាំមកហើយ ក្នុងរយៈពេលថ្មីៗនេះ ជនរងគ្រោះបានទាក់ទងគ្នាជាមួយអ្នកផ្សេង ជាហេតុធ្វើឲ្យជនសង្ស័យប្រចណ្ឌ និងខឹងគុំកួនជាមួយជនរងគ្រោះជាខ្លាំង ទើបមានគំនិតប៉ុនប៉ងសម្លាប់ជនរងគ្រោះតែម្តង ដោយនៅថ្ងៃកើតហេតុ ជនសង្ស័យបានដាក់កាំបិតបុ័តតោជាប់ខ្លួន លុះពេលបានជួបជាមួយជនរងគ្រោះ ក៏បានដកកាំបិតបុ័ងតោចេញ កាប់ទៅលើជនរងគ្រោះតែម្តង ។
បច្ចុប្បន្នចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ អែលវិចិត្រ +មេសា
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS