ព័ត៌មានជាតិ

ពុទ្ធោ .. ម្តាយមកដល់ទ្រហ៊ោយំឱបសពកូន អុជធូបសុំម្ចាស់ទឹក ម្ចាស់ដី ជួយបើកផ្លូវឲ្យកូនប្រុសខ្ញុំ បានត្រឡប់ទៅផ្ទះវិញផង...

16-Aug-2024 413 views

រាជធានីភ្នំពេញ ៖ ម្តាយមកដល់ទ្រហ៊ោយំឱបសពរបស់កូន អុជធូបសុំម្ចាស់ទឹក ម្ចាស់ដី ជួយបើកផ្លូវឲ្យកូនប្រុសខ្ញុំ បានត្រឡប់ទៅផ្ទះវិញផង... ខណៈបុរសម្នាក់ ជិះម៉ូតូតាមដងផ្លូវ ទៅបុកនឹងរថយន្តធុនធំ សណ្ដោងកុងតឺន័រ ពីក្រោយពេញទំហឹង កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៤ តាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះខាងលើ មានឈ្មោះ ម៉ន ឡាត់ ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរ កម្មករ មានទីលំនៅ ផ្ទះលេខ៧ ភូមិបឹងត្របរ ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង (ស្លាប់នៅកន្លែងកើតហេតុ) ។

តាមប្រភពព័ត៌មានពីទីតាំងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តធន់ធំ សណ្ដោងកុងតឺន័រ មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 4A-4746 (ប្រជាពលរដ្ឋថតបាន) បើកបរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ មកដល់ចំណុចកើតហេតុ រថយន្តធន់ធំខាងលើបានបត់ត្រឡប់ក្រោយបានបន្តិច គាប់ជួន ក៏មានម៉ូតូម៉ាក HONDA C125 ព៌ណខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IQ-5275 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿន ចាប់ហ្វាំងមិនទាន់ បុកពីក្រោយពេញទំហឹង បណ្ដាលឲ្យបោកក្បាលនឹងថ្នល់ ស្លាប់ក្នុងថ្លុកឈាមភ្លាមៗយ៉ាងរន្ធត់ ចំណែករថយន្តធន់ធំ សណ្ដោងកុងតឺន័រខាងលើមិនឈប់នៅកន្លែងកើតហេតុនោះទេ បន្តដំណើរគេចបាត់ស្រមោល ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់ ធ្វើការវាស់វែងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ជាបណ្ដោះអាសន្ន ដើម្បីស្រាវជ្រាវរកភាគីរថយន្ត ចូលខ្លួនមកដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS