រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានដឹកនាំ លោកវរសេនីយ៍ទោ ហេង សុផាណារិទ្ធ អធិការរងផ្នែកព្រហ្មទណ្ឌ និង កម្លាំងផ្នែកព្រហ្មទណ្ឌ រួមជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ បានបើកការស្រាវជ្រាវឈានដល់បង្ក្រាបឃាត់ខ្លួនជនសង្ស័យ ស្រីប្រុស ចំនួន០៤នាក់ ពាក់ព័ន្ធនឹងករណីអំពើលួច ចំនួន០៧ករណី នៅសង្កាត់កំពង់សំណាញ់០៤ករណី សង្កាត់តាខ្មៅ០៣ករណី ម៉ូតូ០២គ្រឿង កង់១គ្រឿង ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្នុងនោះ វត្ថុតាងចាប់យករួមមាន ៖
១-ម៉ូតូមួយគ្រឿងម៉ាកHonda c125សេរី២០២២ពណ៌ខ្មៅ ស្លាកលេខកណ្តាល១v៦៤៦៦(របស់ជនសង្ស័យ) ។
២-កង់មួយគ្រឿងម៉ាកx-Treme ពណ៌លឿង (របស់ជនរងគ្រោះ)។
៣-កន្ត្រៃកាត់ដែកធំពណ៌ក្រហមចំនួន០១។
៤-ដង្កាប់តូចពណ៌ក្រហម០១។
៥-មេសោចំនួន២(មួយពណ៌លឿងដាក់ស្រយ៉ូវ និងមួយទៀតពណ៌ខ្មៅ)។
៦-កូនសោលេខ៨មួយ។
៧-តួណឺវីស០១។
សមត្ថកិច្ចបានបញ្ជាក់ថា បើតាមការសាកសួរជនសង្ស័យឈ្មោះ ចាន់ ប៊ុនធឿន បានឆ្លើយសារភាពថា កន្លងមកគាត់ធ្លាប់ធ្វើសកម្មភាពលួចម៉ូតូគេនិងកង់ជាមួយបក្ខពួក៣នាក់ ប្រពន្ធទាំង២នាក់ ខាងលើ ចំនួន៧ករណីគឺលួចម៉ូតូចំនួន៦ករណី គឺក្នុងសង្កាត់កំពង់សំណាញ់៤ករណី លួចម៉ូតូបាន៤គ្រឿង និងនៅសង្កាត់តាខ្មៅចំនួន៣ករណី ដោយលួចបានម៉ូតូ២គ្រឿងនិងកង់ចំនួនមួយគ្រឿង។ ហើយនៅពេលធ្វើសកម្មភាពលួចម្តងៗគាត់តែងតែធ្វើជាមួយឈ្មោះ ធឿន ធារ៉ាហៅស្រីដា ដែលជាប្រពន្ធទី២ ច្រើនជាងគេ។ ហើយគាត់បានប្រាប់ទៀតថាម៉ូតូដែលលួចបានគឺគាត់យកទៅលក់ឲ្យបុរសម្នាក់មិនស្គាល់ឈ្មោះនៅម្តុំទន្លេបាទីស្រុកបាទីខេត្តតាកែវ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS